បំរែបំរួលពត៌មាន៖
ប្រកាស
មតិ

ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានលឺឪពុកម្តាយរបស់គេនិយាយគ្នាពីស្ថានភាពជំងឺរបស់ប្អូនគេ និងពីទុក្ខកង្វល់ដែលឪពុកម្តាយរបស់គ្មានប្រាក់សំរាប់ព្យាបាលប្អូនគេអោយបានជាសះស្បើយ។ ក្មេងស្រីនោះបានស្តាប់លឺសំដីចុងក្រោយរបស់ឪពុកថា មានតែអព្ភូតហេតុទេទើបអាចជួយប្អូនគេបាន។ រំពេចនោះ ក្មេងស្រីនោះបានរត់ចូលបន្ទប់ រួចយកលុយដែលសន្សំទុក រត់សំដៅទៅផ្សារ ហើយចូលទៅក្នុងហាងលក់ថ្នាំមួយ។  ក្មេងនោះបានយកលុយ១ដុល្លា១១សេនដាក់លើតុថៅកែថ្នាំនោះ។

-តើឯងត្រូវការអ្វី? ថៅកែនោះបានសួរ។

-ខ្ញុំគឺមកទិញថ្នាំអោយប្អូនខ្ញុំ។ ជំងឺគេធ្ងន់ធ្ងរណាស់ ខ្ញុំចង់ទិញអព្ភូតហេតុដើម្បីទៅព្យាបាលប្អូនខ្ញុំ។

-ឯងនិយាយពីអី? ថៅកែនោះសួរដោយងឿនឆ្ងល់។

-ក្នុងក្បាលរបស់វាបានដុះនូវអ្វីម្យ៉ាង លោកប៉ាថាមានតែអព្ភូតហេតុទេទើបជួយប្អូនខ្ញុំបាន។ តើអព្ភូតហេតុមួយតំលៃប៉ុន្មាន?

-សុំទោសក្មួយស្រី អ៊ុំអត់មានលក់អព្ភូតហេតុទេ។ សំដីថៅកែនោះបានធ្វើអោយក្មេងស្រីនោះបាត់បង់ស្នាមញញឹម។

-លោកអ៊ុំ ខ្ញុំមានលុយ បើលុយនេះមិនគ្រប់ទេ ខ្ញុំនឹងទៅរកបន្ថែមទៀត អោយតែលោកអ៊ុំប្រាប់ខ្ញុំថា វាមានតំលៃប៉ុន្មាន?

ក្នុងហាងនោះមានលោកអ៊ុំម្នាក់ទៀត ដែលជាអតិថិជន ឃើញក្មេងស្រីនោះ ក៍សួរ៖

-តើប្អូនប្រុសរបស់ក្មួយស្រីត្រូវការអព្ភូតហេតុបែបណា?

-ខ្ញុំមិនដឹងទេ ។ នាងងើបក្បាលឡើង រួចជូតទឹកភ្នែក។

-ខ្ញុំគ្រាន់តែដឹងថា វាមានជំងឺធ្ងន់ធ្ងរ ម៉ាក់និយាយថាវាត្រូវការទទួលការវះកាត់ តែប៉ាគ្មានប្រាក់គ្រប់គ្រាន់ទេ ដូច្នេះហើយទើបខ្ញុំប្រមូលលុយមកទិញអព្ភូតហេតុ។

-តើក្មួយមានប្រាក់ប៉ុន្មាន?

-១ដុល្លា១១សេន បើមិនគ្រប់ខ្ញុំនឹងរកមធ្យោបាយរកបន្ថែមទៀត។ សំលេងក្មេងស្រីនោះ តិចៗស្ទើរតែស្តាប់មិនលឺ។

-គាប់ជួនម្លេះក្មួយស្រី អព្ភូតហេតុមានតំលៃត្រឹមតែ១ដុល្លា១១សេនទេ។

លោកអ៊ុំនោះបានទទួលប្រាក់នោះ រួចអោយក្មេងស្រីនោះនាំទៅផ្ទះមើលប្អូនគេ ហើយជួបឪពុកម្តាយក្មេងស្រីនោះ ដើម្បីមើលតើ ប្អូនប្រុសនោះត្រូវការអព្ភូតហេតុបែបណា?

តាមពិតទៅលោកអ៊ុំនោះ គឺជាគ្រូពេទ្យវះកាត់ដ៍ល្បី គាត់បានជួយប្អូនប្រុសក្មេងស្រីនោះ ដោយយកត្រឹមតែ១ដុល្លា១១សេន។ ការវះកាត់ត្រូវបានបញ្ចប់ ប្អូនប្រុសក្មេងស្រីនោះក៍បានជាសះស្បើយ។

-នេះពិតជាអព្ភូតហេតុមែន? តើវាតំលៃប៉ុន្មាន? ម្តាយក្មេងស្រីនោះបានសួរខ្សឹបៗទៅក្មេងស្រីនោះ។

-ការពិតវាមានតំលៃតែ១ដុល្លា១១សេន ហើយបូកថែមទាំងជំនឿចិត្តដ៍រឹងមាំរបស់ក្មេងស្រីម្នាក់៕

រឿងនេះកែសំរួលពីភាសាចិន!

អរគុណអ្នកម្តាយដែលបានបង្កើត​ខ្ញុំ​ម​ក​អោយ​ឃើញ​ពិភពលោក​មួយដែល​ស្រស់បំព្រង ឆើតឆាយដោយសម្រស់ធម្មជាតិ។ កុមារភាព​គឺជារឿងដែល​ខ្ញុំមិនអាចបំភ្លេចបាន​ ហើយក៍​ជាពេល​សប្បាយជាងពេលណាៗទាំងអស់​ក្នុងជិវិត​ខ្ញុំ។ ផ្លូវជិតកាន់តែដើរ កាន់តែហត់នឿយ កាន់​តែយល់​ថាឯការ កាន់តែយល់ថាលំបាក សំលឹងទៅមុខទាំងគ្មានកោះត្រើយ។ អនាគត​ជារឿងមើលមិនឃើញ បានត្រឹមដាក់ប្រស្នាដល់មនុស្ស ធ្វើអោយមនុស្សខិតខំស្វែងរកចំលើយ និងជាអ្នកកំណត់ចំលើយដោយខ្លួនឯង។ សំលេងសើចក្អាកក្អាយ បានត្រឹមជាទិដ្ឋភាពមួយ​បន្លំ​នូវទិដ្ឋភាពដ៍សែនឈឺចាប់ក្នុងទ្រូង ដែល​មិនអាចពណ៌នាបាន ព្រោះវាបានកប់ជ្រៅក្នុង​ចិត្ត ដែល​លំបាកនឹងជីកគាស់កកាយចេញមក។ វាបានត្រឹមតែធ្វើ​អោយ​មនុស្ស​ប្រុសម្នាក់ យល់ថា​តឹងទ្រូង ចង់ស្រែក ចង់ស្លាប់ ចង់រត់ទៅអោយឆ្ងាយ ហើយស្រែករហូតដល់ស្លាប់ ស្រែករហូត​យល់ថាខ្លួនលែងមានទុក្ខព្រួយ ហើយរស់នៅពិភពនោះតែម្នាក់ឯង ដោយមិន​ចង់​ខ្វល់ពីអ្នក​ណា និងបញ្ហាទាំងឡាយក្នុងជីវិត។ ជីវិតគេប្រៀបបាននឹងកំណាត់ឈើ អណ្តែតគ្មានថ្ងៃសំចត និងគ្មានគោលដៅ។ គេតែងជាមនុស្សបែបផែនឬស្សី ដែលដុះមែកច្រូងច្រាង ប្រៀបបាន​នឹងមានបញ្ហាមិនចេះចប់។ ក្នុងគ្រួសារ គេបានត្រឹមជាកូនល្អ ជាកូនម្នាក់ដែល​គ្មានទុក្ខព្រួយ ប្រើស្បែកមុខក្លែងក្លាយបន្លំភាពពិត ស្នាមញញឹមបន្លំទុក្ខា ក្នុងគោលបំនងមួយ ចង់អោយមនុស្សក្នុងគ្រួសារ សប្បាយចិត្ត កុំអោយអ្នកក្នុងគ្រួសារខ្វល់ពីខ្លួន ព្រោះខ្លួនយល់ថា មិនគួរថែមបន្ទុកមួយទៀត​ដល់អ្នកមានគុណទាំងទ្វេនោះទេ គួរធ្វើជាសសរមួយដែលទ្រផ្ទះទាំងថ្ងៃទាំងយប់ មិនថាភ្លៀង រឺខ្យល់បក់យ៉ាងណា ត្រូវប្រឹងឈរទប់ទល់ផ្ទះមួយដែលនៅឋិតឋេរ ជាម្លប់ដល់គ្រួសារទាំងមូល​។​ គេគ្រាន់តែចង់​បានគ្រួសារសមញ្ញមួយប៉ុណ្ណោះ មួយថ្ងៃៗនៅជុំគ្នា ញ៉ាំអាហារជុំគ្នា សើចសប្បាយជុំគ្នា ដើរកំសាន្តជាមួយគ្នា តែនេះគ្រាន់តែជាសុបិនពេលគេងដែលគេ​តែងស្រមៃចង់បានប៉ុណ្ណោះ។ គេពិតជាចង់បានបងប្រុសម្នាក់ដែលគេងជាមួយគ្នា ជជែកគ្នា ប្រលែងគ្នា ផ្លាស់ប្តូរយោបល់​គ្នា ចែករំលែកនូវបញ្ហា គ្រួសារ ស្នេហា មិត្តភក្តិ និងការសិក្សា។ តែអ្វីដែលទទួលបាន​ បានត្រឹមនិយាយជាវត្ថុគ្មានវិញ្ញាណទៅវិញ។ នៅសាលារៀន គេគ្រាន់​តែ​ចង់បំពេញភារកិច្ច ដើម្បីកុំអោយមាតាបិតាពិបាកចិត្តតែប៉ុណ្ណោះ ព្រោះគេរើស​មុខវិជ្ជាមួយ​ទាំងគេមិនដឹងថាខុសរឺត្រូវ ទាំងមិនដឹងខ្លួនគេចូលចិត្តរឺអត់ ព្រោះសូម្បីតែខ្លួនគេជាអ្នកណា​ ក៍គេស្គាល់មិនច្បាស់ដែរ។ តើរៀនវាដើម្បីអ្វី? សំនួរជាច្រើនតែងលិចចេញ​នៅក្នុងខួរក្បាល​មួយដែលពោរពេញដោយបញ្ហាមិនចេះចប់។ ពាក់កណ្តាល់យប់ ងើបឡើង តែងសួរខ្លួនឯង​ថាតើខ្លួនរស់នៅដើម្បីអ្វី? តើខ្លួនជាអ្នកណា? តើខ្លួនកំពុងតែយល់សប្តិរឺ? ពេលសួរខ្លួនឯងហើយ​ រួចក៍បិទភ្នែករហូតដល់មេឃភ្លឺ ទាំងមិនដឹងចំលើយ។ ណ្ហើយៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ! និយាយអោយត្រង់ទៅ គេគឺជាខ្ញុំ។ បើអាចរើស សុំកុំកើតលើពិភពលោកនេះអី! ពិភពលោកដែលពោរពេញដោយការច្រណែន ការឈ្នានីស ការចង់​ឈ្នះ ហើយយកលុយជាចៅហ្វាយនេះ តើខ្ញុំគួរតែរស់នៅដើម្បីវាដែរមែនទេ? ខ្ញុំស្អប់ខ្លួនឯង​ណាស់។ នេះគ្រាន់តែជាចំនែកតូចមួយនូវកង្វល់ដែលមានក្នុងចិត្តខ្ញុំ សុំទោសដែលអោយ​អ្នកទាំងអស់គ្នាអានហើយមានអារម្មណ៍មិនល្អជាមួយនឹងខ្ញុំ! សុំទោសៗៗៗៗៗ!

ខួបកំណើតអ្នកម្តាយ!

នេះជាចំនងដៃថ្ងៃចូលឆ្នាំចិន​ពីផេនដា​ទៅកាន់ប្រិយមិត្តទាំងអស់គ្នា! កុំភ្លេចអោយ​អាំងប៉ោដល់ផេនដាវិញណា! ហាសហា!

រឿងនោះដំនាលថា៖

មនុស្សម្នាក់រវល់ធ្វើការដល់រដូវរងារកន្លងផុត ទីបំផុតគាត់ក៍បានច្បាប់ឈប់សំរាក​ពីរអាទិត្យ​ គាត់បានរៀបគំរោងទុកជាមុន ថានឹងទៅទេសចរជាមួយមិត្តភក្តិដើម្បីលំហែកាយ។

ពេលបញ្ចប់ការងារ គាត់ក៍បានទៅផ្ទះរៀបចំវ៉ាលី។ ថ្ងៃស្អែកពេលព្រឹកគាត់ក៍បាន​ចេញដំនើរ ហើយគាត់បានទូរស័ព្ទទៅម្តាយគាត់ ប្រាប់ពីដំនើររបស់គាត់។ ម្តាយគាត់បានសួរគាត់៖

+តើកូននឹងឆ្លងកាត់ផ្ទះយើងមែនទេ? ចឹងកូនចូលលេងម៉ាក់ផង ម៉ាក់ចង់ឃើញកូន ព្រោះនឹកកូនណាស់!

-ម៉ាក់ កូនក៍ចង់ទៅមើលម៉ាក់ដែរ តែកូនប្រញ៉ាប់ធ្វើដំនើរ ព្រោះណាត់ពេលវេលា​ជាមួយមិត្តភក្តិហើយ!

នៅពេលដែលគាត់កំពុងធ្វើដំនើរតាមផ្លូវ គាត់ស្រាប់តែនឹកឃើញ​ថា​ថ្ងៃនេះជា​ថ្ងៃកំណើត​របស់ម្តាយគាត់ រួចគាត់ក៍ទៅឈប់នៅហាងផ្កាមួយនៅខាងមុខផ្លូវ គឺក្នុងបំនងទិញផ្កា រួចអោយម្ចាស់ហាងបញ្ជូនទៅផ្ទះម្តាយគាត់។ គាត់ដឹង​ថាម្តាយគាត់​ចូលចិត្តផ្កាណាស់!

ក្នុងហាងផ្កាមានក្មេងម្នាក់ វារើសយកផ្កាកូលាបមួយទង រួចកំពុងរាប់លុយ តែគេធ្វើមុខចំលែក ព្រោះតែវាមានលុយមិនគ្រប់! បុរសនោះបានសួរក្មេងនោះ៖

+ប្អូនយកផ្កាមួយទងនេះទៅធ្វើអ្វី?

+បាទបង! ខ្ញុំយកទៅអោយម្តាយខ្ញុំ ក្នុងឱកាសថ្ងៃខួបកំណើតគាត់។​

គាត់បានដកលុយគាត់ ទៅបង្រ្គប់លុយក្មេងនោះ រួចក្មេងសប្បាយរីករាយនិយាយថា៖

+អរគុណបង ម្តាយខ្ញុំម្ចាស់ជាសប្បាយរីករាយ។

+ មិនអីទេ ថ្ងៃនេះក៍ជាថ្ងៃខួបកំណើតម្តាយបងដែរ។

ក្មេងប្រុសនោះក៍បានចាកចេញ។ បុរសនោះបានរើសផ្កាជាច្រើនប្រភេទ រួចកត់អស័យដ្ឋានទៅអោយ​ម្ចាស់ហាង ដើម្បីបញ្ជូនទៅ រួចគាត់ក៍ចាកចេញទៅ។
គាត់ធ្វើដំនើរមួយសន្ទុះ ស្រាប់តែឃើញក្មេងប្រុសនោះ គាត់ក៍បាន​ឈប់​ឡាន​រួចឃើញក្មេងនោះ​លត់ជង្គង់នៅមុខផ្នូរសពមួយ រួចដាក់ផ្កាកូលាបនៅទីនោះ។ ក្មេង​ប្រុស​នោះ​ឃើញគាត់ ក៍និយាយ៖

+បង ម៉ាក់ខ្ញុំស្រលាញ់ផ្កាដែរខ្ញុំទិញអោយគាត់ណាស់ អរគុណបងហើយ!

ពេលនោះគាត់ក៍បើកឡានត្រលប់ថយក្រោយ ទៅកាន់ហាងផ្កានោះ រួចសួរម្ចាស់ហាងថា​៖

+តើផ្កាដែលខ្ញុំបានទិញ បញ្ជូនទៅនៅ?

+ចាស៎! នៅទេ!

+ចឹងមិនបាច់រំខានអ្នកទេ ខ្ញុំបញ្ជូនវាទៅដោយខ្លួនឯង។

ក្នុងឱកាសចូលឆ្នាំចិននេះ រឺពេលមានទំនេរពីការងារ សង្ឃឹមថាកូនចៅទាំងអស់ត្រលប់ទៅមើលអ្នក​មានគុណទាំងពីរ ដែលគាត់​នៅស្រុក​ដែលគាត់កំពុងទន្ទឹងចាំផ្លូវ​យើងទាំងអស់គ្នា!

គ្មានម្ហូបបាយឯណា ឆ្ងាញ់ជាម្ហូបបាយនៅផ្ទះទេ! ហើយក៍គ្មានទីណា ដែលកក់ក្តៅជាងផ្ទះយើងនោះដែរ!

អ្នកម្តាយ!

កាំរស្មីព្រះអាទិត្យ​បាន​ចែងចាំងចូលក្នុងបន្ទប់មួយដែលមានមនុស្សប្រុសម្នាក់ដែលសន្លប់លើគ្រែមួយ ព្រមទាំងមានមនុស្សស្រីម្នាក់មើលថែរក្សា។ ស្រាប់តែពេលនោះមនុស្សស្រីនោះបានស្រែក៖

-ដប់ឆ្នាំ! ដប់ឆ្នាំហើយ! ទីបំផុតអ្នកដឹងខ្លួនហើយ….

-ដប់? ដប់ឆ្នាំស្អី? ខ្ញុំ……………….

កំលោះនោះដឹងខ្លួនឡើងទាំងមិនដឹងអ្វីទាំងអស់ ក្នុងខួរក្បាលគឺសស្អាតគ្មានចាំអ្វីទាំងអស់។ គាត់​បាន​សំលឹងមើលស្រ្តីនោះ គិតក្នុងចិត្តថា គាត់ច្បាស់ជាម្តាយរបស់គាត់ រួចគាត់ក៍និយាយ៖

-អ្នកច្បាស់ជាម្តាយរបស់ខ្ញុំ​។

ស្រ្តីនោះបានងាកខ្លួនចេញបន្តិច រួចក៍ងាកមកវិញ សំលឹងទៅគាត់ដោយពោរពេញដោយក្តីស្រលាញ់ រួចនិយាយ៖ ត្រឹមត្រូវហើយ នេះគឺម៉ាក់ គ្រូពេទ្យបា្រប់ម៉ាក់ថា កូននឹងភ្លេចការចងចាំ តែកូននៅចងចាំ​ម៉ាក់បាន ម៉ាក់ពិតជាសប្បាយចិត្តណាស់។ កូនព្រោះតែជួយគេ ក៍ត្រូវគេវាយអោយសន្លប់អស់​រយៈពេល​ដប់ឆ្នាំ ហើយឪពុកកូនបានចែកឋានហើយ នៅតែម៉ាក់តែជាអ្នកធ្វើការផ្គត់ផ្គង់ក្នុងគ្រួសារនេះ។

ពីរឆ្នាំកន្លងផុត កំលោះនោះក៍បានរកការងារល្អមួយ ហើយរកបានមនុស្សដែលខ្លួនស្រលាញ់ រួចក៍រៀបការ។ នៅព្រឹកថ្ងៃទីពីរបន្ទាប់ពីថ្ងៃរៀបការ អ្នកទាំងពីរប្រុងទៅចាក់ទឹកតែអោយអ្នកម្តាយ  តែពេល​ទៅបន្ទប់អ្នក​ម្តាយ​ ក៍មិនឃើញគាត់ ឃើញត្រឹមសំបុត្រមួយបន្សល់ទុក៖

-ខ្ញុំមិនមែនជាអ្នកម្តាយរបស់អ្នកទេ ១២ឆ្នាំមុន ឪពុកម្តាយអ្នកព្រោះតែពិបាកចិត្តពេកក៍ចែកឋានទៅ ហើយអ្នកគ្មានញាតសន្តាន ខ្ញុំក៍នាំអ្នកមកទីក្រុងនេះ សង្ឃឹមនឹងមានអព្ភូតហេតុកើតឡើង។ ដប់ពីរឆ្នាំហើយ យុវភាពខ្ញុំក៍បាត់បង់ដែរ។ មានមនុស្សនិយាយថា ស្នេហាយូរទៅនឹងក្លាយជាញាតសន្តាន។ ចាប់តាំងពីពេលដែលអ្នកហៅខ្ញុំថាម៉ាក់ ខ្ញុំក៍បានចាត់ទុកអ្នកជាកូនខ្ញុំទៅហើយ។ បើសិនជាអ្នក​នៅចាត់ទុក​ខ្ញុំជាម្តាយ សូមទទួលយកនូវកាដូចុងក្រោយនេះ គឺជា ការបែកគ្នា!

ពេលដែលគាត់មើលសំបុត្រនេះចប់ គាត់យំរហូតគ្មានទឹកភ្នែកសំរាប់យំ គាត់បានចងចាំរឿងអតីត ការពិតអ្នកម្តាយគាត់ គឺជាមនុស្សដែលគាត់ស្រលាញ់អស់រយៈពេល៣ឆ្នាំ………………

ជីវិតមនុស្ស គួរតែដូចទៀន ភ្លឺតាំងពីដំបូង រហូតដល់អស់!

ជីតា​ខ្ញុំ​អាយុ៧៧ឆ្នាំហើយ ពូ និងបងស្រីខ្ញុំបាន​ធ្វើលិខិត​ឆ្លង​ដែន​អោយ​គាត់​ក្នុង​គោលបំនងអោយគាត់ទៅ​លេងស្រុកកំណើតគាត់នៅចិន។ តែជាអកុសល លិខិតឆ្លងដែន​ត្រូវប្រើសំរាប់មើលជំងឺនៅវៀតណាមទៅវិញ។ គាត់បានធ្លាក់ខ្លួនឈឺ​នៅខែប្រាំពីរ គ្រួសារខ្ញុំបានបញ្ជូន​គាត់​នៅព្យាបាល​នៅ​មន្ទីរពេទ្យ ហ័ងមីន ជាមន្ទីរពេទ្យ​ឯកជនមួយ។ ដំបូង គ្រូពេទ្យនៅទីនោះប្រាប់ថាទឹកចូលសួតគាត់ ហើយគាត់កើតជំងឺរបេង។ បន្ទាប់មកគេបានប្រើថ្នាំរបេង និងបូមទឹកសួតគាត់។ តែនៅក្នុងហ្វីលដែលថតសួតគាត់ គឺមានដុំមូលខ្មៅពីរដុំ ពូខ្ញុំបានសួរទៅគ្រូពេទ្យថាជាដុំអ្វី? គ្រូពេទ្យបាន​ប្រាប់ថា វាគ្រាន់តែដុំរលាកបន្តិចបន្តួច។ នៅពេលដែលគាត់ត្រលប់មកផ្ទះវិញ យើងតែង​នាំគាត់ទៅពិនិត្យជំងឺរាល់១ខែម្តង អស់រយៈពេល២ខែ ជំងឺគាត់ក៍ចាប់ផ្តើចធ្ងន់ធ្ងរនៅខែតុលា រួចពូខ្ញុំក៍បញ្ជូនគាត់​នៅវៀតណាមវិញភ្លាមៗដែរ។ គ្រូពេទ្យថាគាត់មានដុំមួយខ្មៅនៅជិតក្រលៀនគាត់ ដែលបណ្តាលអោយគាត់មានសភាពធ្ងន់បែបនេះ ហើយប្រាប់ថាគាត់ត្រូវ​ការ​ការវះកាត់​ជាបន្ទាន់។ តែគ្រូពេទ្យនៅទីនោះបែរជាថា គាត់ចង់ប្រើថ្នាំដើម្បីរំលាយ​ដុំនោះ ព្រោះពេលនោះសភាពជីតាខ្ញុំខ្សោយមិនអាច​វះកាត់បានទេ។ ១អាទិត្យក្រោយមក​ ថ្នាំនោះគ្មានប្រសិទ្ធភាព គ្រូពេទ្យគាត់ប្រាប់ថាត្រូវ​បញ្ជូនគាត់​នៅមន្ទីរពេទ្យចារីវះកាត់ជាបន្ទាន់។ នៅទីនោះគេបានបញ្ជូនគាត់ទៅនៅជាន់ទី៩ ទាំងគ្មានគ្រូពេទ្យមកពិនិត្យ។ គ្រូពេទ្យប្រាប់ថាត្រូវការយកខួរឆ្អឹងខ្នង ដើម្បីទៅពិនិត្យ​ខ្លាចមានរបេងខួរក្បាល ពូខ្ញុំសួរថា តើបើកើតជំងឺរបេងខួរក្បាលមែន តែលោកអាចព្យាបាលបានអត់? គ្រូពេទ្យថាមិនបានទេ ហើយការវះកាត់ក្រលៀនត្រូវទៅបញ្ជូនទៅបន្ទីរពេទ្យសួតមួយទៀត។ ពេលនោះពូខ្ញុំបានបដិសេធបូមខួរឆ្អឹងខ្នង រួចចង់បញ្ជូនគាត់ទៅមន្ទីរពេទ្យសួតតែម្តង។ តែអ្វីតែវេទនានោះ គឺមន្ទីរនោះមិនព្រម​បើកទ្វារជណ្តើរយន្តអោយចុះសោះ។ ៣ម៉ោងក្រោយមក ស្រាប់តែមាន​អ្នកជំងឺត្រូវឡើង​មក​ជាន់​ទី៩ដែរ រួចពូខ្ញុំក៍សូកលុយអោយបញ្ជូនគាត់​មកដីវិញ។ ពេលទៅដល់មន្ទីរពេទ្យនោះ ពូខ្ញុំបានហុចឯកសារពិនិត្យជំងឺនៅវៀតណាមអោយគ្រូពេទ្យមើល គ្រូពេទ្យសឹង​តែមិនជឿថា​គ្រូពេទ្យវៀតណាមជាអ្នកមើល គេថានេះជាឯកសារយើងពិនិត្យនៅ​ខ្មែរ។ ការពិត ដុំខ្មៅនោះជាដុំម្យ៉ាងអាចវិវត្តន៍ទៅជាជំងឺមហារីក ហើយសួតជីតា​ខ្ញុំត្រូវ​បានទឹកចូលទាំងពីរដែលខុសពីកាលមុនចូលតែមួយចំហៀង។ គ្រូពេទ្យនោះ ថាទៀតថា ឯក្រលៀនគាត់គឺគ្មានបញ្ហាទេ មិនបាច់ត្រូវការវះកាត់ទេ ហើយគាត់​ក៍គ្មាន​ជំងឺរបេងដែរ។ គ្រូពេទ្យនោះ បា្រប់ថាគាត់នឹងខំព្យាបាលជំងឺនេះក្រោម២០ថ្ងៃ។ តែជាអកុសលលទ្ធផលចុងក្រោយ ដុំនោះបានរីកធំ កា្លយជាដុំមហារីកស៊ីសួតគាត់។ គ្រូពេទ្យថា បើយកអោយគាត់តាំងពីដំបូង គាត់នឹងអាចយកដុំពីរនោះចេញបានជាមិនខាន។ ដោយអស់ង្ឃឹយ ពួកយើងបាន​បញ្ជូនគាត់មកផ្ទះវិញនៅចំថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីលោកគ្រូពេទ្យបា្រប់ថា គាត់​អាចរស់​នៅបានត្រឹមតែ៣ថ្ងៃទៀតទេ។ គាត់បានទទួលអនិច្ចកម្មនៅថ្ងៃទី១៣ ខែវិច្ឆិកា។

ខ្ញុំសែនឆ្ងល់ដល់ហើយ ហេតុអ្វីបានជាគ្រូពេទ្យនៅមន្ទីរហ័ងមីនធ្វើដូច្នេះ? ដំបូង​ធានា​ព្យាលបាលជា រហូតដល់ជំងឺធ្ងន់ធ្ងរ បែរជាព្យាយាមរកវិធីបញ្ជូនអ្នកជំងឺចេញទៅមន្ទីរពេទ្យផ្សេង ដោយគ្មានការ​ទទួលខុសត្រូវក្នុងខ្លួន។ តើមនសិការធ្វើជាគ្រូពេទ្យនៅទីណា? ខ្ញុំពិតជាខ្លាចណាស់ ខ្លាចចិត្តមនុស្សណាស់ ហេតុអ្វីពិភពលោកនេះខ្មៅងងឹតម្លេះ! សង្ឃឹមថាបងប្អូន​ កុំអោយចាញ់បោកពេទ្យដូចគ្រួសារខ្ញុំទៀត!

ការសោកស្តាយនេះ ខ្ញុំបានសន្យាចំពោះមុខសាកសពគាត់ថា​ ខ្ញុំនឹងខំរៀនវិជ្ជាពេទ្យនេះ ហើយធ្វើអោយអ្នកដែលធ្វើចំពោះគាត់ ទទួលនូវអ្វីគ្រប់យ៉ាង​ដែលគេបានធ្វើ! កុង! សូមអោយកុងទៅអោយបានសុខ កុំបារម្មណ៍នឹងគ្រួសារនេះ ហើយខ្ញុំនឹង ធ្វើអោយ​គ្រួសារនេះរុងរឿង មានបាន មិនអោយអ្នកណាមើលងាយដូចថ្ងៃនេះទេ ហើយខ្ញុំនឹងធ្វើអោយមនុស្សមួយចំនួនដែលធ្វើចំពោះគ្រួសារយើងថ្ងៃនេះ អោយគេ​សោកស្តាយនូវទង្វើរបស់គេគ្រប់បែបយ៉ាង! ខ្ញុំសន្យាក្នុងនាមជាចៅសំឡាញ់ម្នាក់ និងកូនប្រុសម្នាក់!

កាលពីដើមឡើយ មានអ្នកជំងឺឃ្លង់ម្នាក់ ដែលកើតជំងឺនេះអស់​រយៈពេល​៤០ឆ្នាំ! គាត់សំរាកនៅចិញ្ចើមផ្លូវ ចាំមនុស្សជួយទៅដងទឹកនៅឯងស្រះទឹកដែលមានទឹកមន្ត​ពិសេសអាចព្យាបាលជំងឺគាត់បាន។ តែគាត់នៅទីនោះអស់៤០ឆ្នាំហើយ តែគ្មានមនុស្ស​ណាម្នាក់ព្រមជួយគាត់ទេ។

ថ្ងៃមួយ​ ទេវតា​ឃើញគាត់ ហើយក៍សួរ​៖ តើអ្នកចង់ជាសះស្បើយទេ?

គាត់ឆ្លើយ៖ ប្រាកដជាចង់ តែមនុស្សយើងមានចិត្តឃោឃៅណាស់ គ្មានអ្នកណាព្រម​ជួយ​ខ្ញុំទេ។​

ទេវតាសួរម្តងទៀត៖ តើអ្នកចង់ជាសះស្បើយទេ?

គាត់ឆ្លើយយ៉ាងរហ័ស៖ ចង់​ៗ! ប៉ុន្តែទម្រាំខ្ញុំទៅដល់ ទឹកក្នុងស្រះប្រាកដជារីងអស់​ហើយ!

ទេវតាស្តាប់ចំលើយគាត់ហើយ ខឹងគាត់បន្តិច ហើយសួរគាត់ម្តងទៀត៖ តើអ្នកចង់ជាសះស្បើយអត់នឹង?

គាត់ឆ្លើយ៖ បាទ! ចង់!

ទេវតាប្រាប់គាត់ ៖ ល្អ! ចូរអ្នកឈរឡើង ហើយខំដើរទៅរកស្រះទឹកនោះ ហើយឈប់​រកលេសដើម្បីធ្វើជាហេតុផល អោយខ្លួនឯងរួចខ្លួន។

ស្តាប់ហើយ! អ្នកជំងឺនោះ​ មានអារម្មណ៍​ខ្មាស​អៀន​ ហើយក៍ខំព្យាយាមងើបឡើង សំដៅទៅរកស្រះទឹកនោះ។ ចុងក្រោយគាត់ក៍ជាសះស្បើយ!

នៅពេលដែលយើងដួល សូមកុំរងចាំអ្នកដទៃមក​ជួយលើកអ្នកឡើង អ្នកត្រូវខំ​ងើបឈរ​ដោយ​ខ្លួន​ឯង។ កុំអោយតែភាពលំបាកនៅចំពោះមុខ ហើយរកលេសនេះ​ រកលេសនោះមិន​ចេះចប់ ត្រូវតែងើប​ឈរដោយខ្លួនឯង។ ឱកាសជាច្រើន យើងអាចធ្វើវាដោយខ្លួនឯង ដោយមិនពឹងពាក់អ្នក​ដទៃ!

 

អ្នកទាំងអស់គ្នាប្រហែល​ជា​បាន​ដឹង​ពី​រឿង​ស្នេហារញ្ជួយមេឃរបស់​សត្វចចក​ដែល​ផេនដា​ធ្លាប់​លើកយក​មក​អត្ថាធិប្បាយ​ម្តងហើយ។ នេះជាភាគបញ្ចប់៖

បន្ទាប់ពីសត្វចចកស្លាប់បាត់ទៅ នារីនោះក៍​ចាប់ផ្តើមធ្វើ​ត្រាប់​តាម​សត្វ​ចចកម្តង ដោយ​លុត​ជង្គង់​នៅមុខព្រះ​ ក្នុងវិហារនោះ ដើម្បីសុំអង្វរករដល់ព្រះមេត្តា និងករុណាដល់ក្តី​ស្នេហា​ពួកគេ​ផង។ ចុងក្រោយ ស្នេហាស្មោះស័្មគ្ររបស់នារីនោះ ក៍រញ្ជួយដល់ព្រះម្តងទៀត។

ព្រះមានបន្ទូល៖ តើអ្នកចង់ជួបសត្វចចកនោះមែនទេ?

នារីនោះឆ្លើយតប៖ ពិតមែនហើយ! ខ្ញុំគ្រាន់តែចង់ជួបគេម្តងទៀត។

ព្រះមានបន្ទូល៖ តើអ្នកអាចលះបង់គ្រប់បែបយ៉ាង រួមផ្សំនឹងគ្រួសារ និងការរស់នៅដោយ​សុភមង្គល?

នារីនោះឆ្លើយតប៖ ខ្ញុំព្រម!

ព្រះមានបន្ទុល៖ អ្នកត្រូវរងគ្រោះអស់រយៈពេល៥០០ឆ្នាំ តើអ្នកមិនស្តាយ​ក្រោយទេ?

នារីនោះឆ្លើយតប៖ ខ្ញុំមិនស្តាយក្រោយទេ។

នារីនោះក៍ក្លាយជាដុំថ្ម នៅកន្លែងទីរហោឋានមួយ។ ដុំថ្មនោះបានឆ្លងកាត់នូវកំដៅថ្ងៃ ព្យុះ​ភ្លៀង​ ព្យុះព្រិល និង​ខ្យល់បក់​អស់រយៈពេល៤០០ឆ្នាំ តែនារីនោះនៅតែស៊ូទ្រាំបាន។ អ្វីដែល​លំបាកនោះ គឺនាងមើលមិនឃើញមនុស្សណាម្នាក់សោះក្នុងរយៈពេល៤០០ឆ្នាំនេះ ក្តីសង្ឃឹម​ដែលសឹងតែគ្មានរស្មី ស្ទើរអោយនាងលះបង់។ មួយឆ្នាំចុងក្រោយ មនុស្សមួយក្រុម ឃើញដុំ​ថ្មធំមួយនេះ ក៍យកទៅធ្វើជាជើងទម្រស្ពាន ដើម្បីធ្វើស្ពានឆ្លងទៅរាជធានី។ នៅពេលដែលដុំថ្ម​នេះ​បានក្លាយជាជើងទម្រ ស្រាប់តែនាងឃើញបុរសម្នាក់ដែលជាសត្វចចកដែល​នាងទន្ទឹង​អស់​រយៈពេល៥០០ឆ្នាំបានងបង្ហាញខ្លួន​​។ បុរសនោះបានដើរឆ្លងកាត់ស្ពាននោះយ៉ាងលឿន ហើយក៍ទៅមុខបន្តិចម្តងៗ រលាយបាត់ទៅ! គាត់មិនដឹងថាមានដុំថ្ម​មួយកំពុងសន្លឹងមើលគាត់​ទាំងក្តីឈឺចាប់ទេ។

បន្ទាប់មកព្រះក៍បានបង្ហាញខ្លួន។

ព្រះមានបន្ទូល៖ តើអ្នកពេញចិត្តរឺនៅ?

នារីនោះឆ្លើយតប៖ ទេ ហេតុអ្វី? ហេតុអ្វីខ្ញុំគ្រាន់តែជាជើងទម្រស្ពាន? បើខ្ញុំជាថ្មដែលគេដាក់​នៅកណ្តាលស្ពាន នោះខ្ញុំនឹងអាចប៉ះគាត់បាន។

ព្រះមានបន្ទូល៖ ប្រសិនបើអ្នកចង់ប៉ះគាត់ អ្នកត្រូវរងចាំ៥០០ឆ្នាំទៀត!

នារីនោះឆ្លើយតប៖ ខ្ញុំយល់ព្រម!

ព្រះមានបន្ទូល៖ អ្នករងទុក្ខលំបាកយ៉ាងនេះហើយ តើអ្នកមិនស្តាយក្រោយទេ?

នារីនោះឆ្លើយតប៖ ខ្ញុំមិនស្តាយក្រោយទេ។​

នារីនោះក្លាយជាដើមឈើមួយដើម ដែលដុះនៅក្បែរផ្លូវ​ដែល​មាន​មនុស្ស​ជាច្រើន​ដើរ​ទៅ​ដើរ​មក​ នាងខំសំលឹងមើលទាំងថ្ងៃទាំងយប់ គ្រប់រដូវ ពីមួយឆ្នាំទៅមួយឆ្នាំ តែមិនឃើញបុរសនោះ​សោះ។ រហូតដល់ថ្ងៃចុងក្រោយ នាងជឿថានាងនឹងបានជួបបុរសនោះ។
មកហើយ! មកដល់ហើយ! គាត់មកដល់ហើយ! គាត់នៅតែសង្ហារ គាត់លេងដើរលឿនដូច​មុន​ហើយ ដោយសារធាតុអាកាសក្តៅ។ គាត់នឿយហត់ គាត់ក៍បានសំរាកនៅក្រោម​ដើមឈើ​នោះ។ ពេលនេះនារីនោះបាន​ប៉ះគាត់បានហើយ។ តែគួរអោយស្តាយនាងមិនអាចនិយាយ​បាន​ អាចត្រឹមយកមែកឈើ​បាំងកំដៅថ្ងៃអោយគាត់។ បុរសនោះដេកបានមួយសន្ទុះ ក៍ងើប ព្រោះគាត់នៅមាន​ការងារត្រូវ​ធ្វើទៀត។ គាត់ងើបឡើង រួចបោសធូលីចេញពីខ្លួន​គាត់ រួចគាត់​មើលទៅដើមឈឺនោះ អង្អែលដើមឈើនោះ ក្នុងន័យថ្លែងអំណរគុណ ដែលផ្តល់កន្លែង​សំរាក​ដល់គាត់។ បន្ទាប់មក គាត់ធ្វើដំនើរចេញទៅ ដោយមិនងាកក្រោយ។​

ក្រោយមក ព្រះក៍បានបង្ហាញខ្លួនជាថ្មីម្តងទៀត។

ព្រះមានបន្ទូល៖ តើអ្នកនៅចង់ធ្វើជាប្រពន្ធគាត់ទៀតមែនទេ?
នារីនោះឆ្លើយតប៖ ខ្ញុំចង់ណាស់ តែមិនបាច់ទេ។

ព្រះមានបន្ទូល៖ មិចចឹង?

នារីនោះឆ្លើយតប៖ តើប្រពន្ធគាត់ឥលូវក៍រងគ្រោះដូចជាខ្ញុំរឺ?

ព្រះញញឹមហើយងក់ក្បាល។

នារីនោះញញឹមហើយនិយាយ៖ ខ្ញុំអាចធ្វើបាន តែមិនបាច់ទៀតទេ។

នៅពេលនោះ នារីនោះឃើញព្រះដលដង្ហើមធំ។

នារីនោះបានសួរ៖ តើព្រះអង្គក៍មានរឿងក្នុងចិត្តដែរឬ?

ព្រះឆ្លើយតបទាំងញញឹម៖ ព្រោះតែចឹងហើយទើបល្អ បុរសម្នាក់នោះអាច​កាត់​បន្ថយ​ការរងចាំមួយពាន់ឆ្នាំហើយ។ គាត់ដើម្បីតែឃើញនាង សុទ្ធចិត្តរងគ្រោះ២០០០ឆ្នាំ។

ជីវិតគឺសុទ្ធតែស្មើគ្នា សំខាន់តើយើងអាចយល់ ឬមិនយល់តែប៉ុណ្ណោះ!

តាមដាន

Get every new post delivered to your Inbox.

Join 28 other followers