Feeds:
ប្រកាស
មតិ

ទឹកភ្នែកនៃមេដាយមាស

មនុស្សគ្រប់គ្នា កំពុងតែចាប់អារម្មណ៍លើ ការប្រកួតកីឡាអូឡាំពិកនារដូវក្តៅ នៅប្រទេសប្រ៉េស៊ីល។ អត្តពលករគ្រប់រូបបានបញ្ចេញអស់ពីសមត្ថភាព ដើម្បីចូលរួមដណ្តើមយកនៅមេដាយមាសជូនខ្លួន គ្រួសារ និងប្រទេសជាតិ។ សម្លេងស្រែកហ៊ោសាទរ ស្នាមញញឹមរបស់កីឡាករ និងភ្លេងជាតិប្រទេសខ្លួន បានបន្លឺឡើងក្នុងពិធីទទួលមេដាយ បន្ទាប់ពីបញ្ចប់ការប្រកួតកីឡានីមួយៗ។ តើអ្នកណាដឹងខ្លះ ក្រោយស្នាមញញឹម និងមោទនភាពនេះ ត្រូវការការលះបង់អ្វីខ្លះ?

ce4f034f8b6f24c2795008523d6585db

ពួកគេត្រូវបានទទួលការវ៉ឹកហាត់តាំងពីវ័យកុមារ រហូតដល់ធំពេញវ័យ។ ការវុឹកហាត់ដែលមានទាំងទឹកភ្នែក របួស ការឈឺចាប់ ភាពអស់សង្ឃឹម ភាពបរាជ័យ បានកើតឡើងចំពោះពួកគេគ្រប់ៗគ្នា តែក្តីសង្ឃឹម និងក្តីស្រម៉ៃបានជំរុញទឹកចិត្តពួកគេអោយខិតខំបន្ត ដួលហើយក្រោកឡើង ម្តងហើយម្តងទៀតមិនចេះចប់ រហូតទទួលបានការទទួលស្គាល់ពីមនុស្សជំវិញពិភពលោក។ ពួកគេបានបង្ហាញអោយពិភពលោកឃើញថា ការតស៊ូ ការមិនបោះបង់ និងសាមគ្គីភាព ពិតជាអាចជំនះគ្រប់ឧបសគ្គដែលកើតមានឡើង។

អបអរសាទរចំពោះអត្តពលករគ្រប់រូប ដែលទទួលបានលទ្ធផលល្អ និងចូលរួមសោកស្តាយចំពោះអត្តពលករដែលមិនបានទទួលជោកជ័យ។ ខ្ញុំជឿថា អ្នកទាំងអស់គ្នាមិនបោះបង់ទេ ៤ឆ្នាំទៀតអ្នកនឹងធ្វើវាបានជាក់ជាមិនខាន។

 

ទោះបីជាគ្រូពេទ្យមានចំនេះវិជ្ជាជ្រៅជ្រះ ច្បាស់លាស់ ធ្លាប់មើលអ្នកជំងឺជាសះស្បើយរាប់ម៉ឺននាក់ក៍ដោយ ប៉ុន្តែនៅពេលដែលមនុស្សដែលខ្លួនស្រលាញ់បំផុតជិតផុតដង្ហើម ទន្ទឹងពេលវេលាស្លាប់មួយ បែរជាអ្នកមិនអាចធ្វើអ្វីបានទាល់សោះ? អ្នកតែងសួរខ្លួនឯងថា តើខ្ញុំរៀនពេទ្យដើម្បីអ្វី សូម្បីតែមនុស្សដែលខ្ញុំស្រលាញ់ព្យាបាលមិនបាន។ ធម្មជាតិមនុស្ស កើត ចាស់ ឈឺ និងស្លាប់ គ្មានគ្រូពេទ្យណាដែលអាចព្យាបាលជំងឺគ្រប់ប្រភេទ អោយជាសះស្បើយបានឡើយ វាមិនខុសពីគ្មាននរណាម្នាក់អាចបង្វិលពេលវេលាអោយត្រលប់ថយក្រោយដូចគ្នាដែរ។ រាត្រីចុងក្រោយដែលខ្ញុំនៅជាមួយជីតា និងឪពុកខ្ញុំ ខ្ញុំបានចាប់ដៃគាត់ ហើយបន្ទោសខ្លួនឯងថា ជាមនុស្សម្នាក់ដែលគ្មានប្រយោជន៍បំផុតក្នុងលោក ព្រោះបានត្រឹមមើលអ្នកទាំងពីរទៅទីមួយដ៍សែនឆ្ងាយ ឆ្ងាយគ្មានថ្ងៃត្រលប់មកវិញ។ ខ្ញុំបានសម្លឹងមើលពីដានផ្ទះ ព្រោះសង្ឃឹមថាទឹកភ្នែកដែលរៀបនឹងហូរចុះមក ត្រលប់ចូលទៅក្នុងភ្នែកវិញ។ តែចុងក្រោយខ្ញុំនៅតែប្រឈមមុខនឹងការពិតថា គាត់បានទៅហើយ ហើយអ្វីដែលគ្រូពេទ្យអាចធ្វើបានគឺមានតិចណាស់។ គ្រូពេទ្យត្រូវមានការទទួលខុសត្រូវខ្ពស់ ការវិភាគច្បាស់លាស់ ដើម្បីឈានទៅដល់ការសំរេចចិត្ត ជ្រើសរើសវិធីព្យាបាលមួយដ៍ត្រឹមត្រូវ។ ប៉ុន្តែមិនមែនមានន័យថា រាល់វិធីដែលគ្រូពេទ្យព្យាបាលសុទ្ធតែត្រឹមត្រូវនោះទេ ព្រោះលើកលោកនេះគ្មានអ្វីដែល១០០%នោះទេ។ ចូរចាត់ទុកគ្រូពេទ្យគឺជាមនុស្សដែលមានសមត្ថភាពព្យាបាលជំងឺ មិនមែនជាព្រះសំរាប់ប្រោះមនុស្សអោយរស់ឡើងវិញទេ។

ខ្ញុំជាប្រិយមិត្ត The Voice Cambodia មួយរូប ខ្ញុំរីករាយណាស់ដែលបានឃើញ ប៊ុត សីហា ទទួលបានជ័យលាភីកាលពីយប់មិញ។ គាត់ពិតជាមានសមត្ថភាព មានភាពតស៊ូ សក្តិសមជាកុលបុត្រខ្មែរមួយរូប។ ទោះបីជាគាត់កើតក្នុងគ្រួសារមួយដែល មិនដែល​ផ្តល់​អ្វីអោយគាត់គ្រប់គ្រាន់ក៍ដោយ តែគាត់មិនដែលអស់សង្ឃឹមនឹងឆាកជីវិតឡើយ។ អត្តចរិកប្រកបដោយភាពថ្លៃថ្នូរ​ សុភាព រម្យទម រមែន​ធ្វើអោយអ្នកទស្សនាគ្រប់គ្នា អាណិតស្រលាញ់គាត់ជានិច្ច។ គាត់ជិះកង់ទៅដាក់ពាក្យប្រលង ស្របពេលដែលបេក្ខជនដទៃ ជិះឡាន និងម៉ូតូទំនើបៗ គាត់បាត់បង់អ្នកមានគុណ គឺបិតាដែលប្រៀប​បាន​នឹង​កែវភ្នែករបស់លោក ខណៈពេល​ដែល​លោក​ត្រូវការគាំទ្រកំឡុងពេល​ប្រកួតប្រជែង​។ យ៉ាងណាមិញ ការលះបង់ ការតស៊ូ និងសមត្ថភាពរបស់​គាត់បានធ្វើអោយ​គាត់ឃើញពន្លឺរស្មីម្តងទៀត។ ខ្ញុំសង្ឃឹម​ថា ការ​ចូលជាសមាជិករបស់ហង្សមាស​ និងអាចផ្លាស់ប្តូរជីវិតរបស់គាត់ទាំងស្រុង។ ទោះបីជាបិតាបានចាកលោកនេះក៍ដោយ ក៍ខ្ញុំជឿថា លោកនឹងមានមោទនភាពដែលមានកូនប្រុសដូចជា​គាត់។ ខ្ញុំនឹងគាំទ្រគាត់ ហើយជូនពរគាត់ពីចំងាយ។

10425386_594930730613076_4677838226509418255_n

២ឆ្នាំ​កន្លងផុតទៅហើយ ជីវិតជានិស្សិតពេទ្យ​ដូចជាខ្ញុំនឹងត្រូវ​បន្តទៀតទៅបែបណា? ខ្ញុំចូលចិត្ត និងចង់ក្លាយជាគ្រូពេទ្យ តែខ្ញុំមិនចង់រៀនពេទ្យ។ ស្តាប់ពាក្យ​នេះហើយ គួរ​អោយអស់​សំណើចណាស់! ខ្ញុំតែងនៅម្នាក់ឯងហើយសួរខ្លួនឯងថា៖

  1. តើខ្ញុំកំពុងយល់សប្តិរឺ?
  2. តើខ្ញុំពិតជាមានសមត្ថភាពរៀនពេទ្យបានរឺ?
  3. តើខ្ញុំពិតជាអាចរៀនផ្នែកឯកទេសមែនរឺ?
  4. តើខ្ញុំពិតជាអាចក្លាយជាគ្រូពេទ្យពិតប្រាកដមែនរឺ?
  5. តើខ្ញុំនឹងមានអនាគតបែបណា?

ជីវិតជានិស្សិតពេទ្យ ដែលគ្មានទីពឹងពាក់ ប្រៀបបាននឹង​ក្បួនរសាត់អណ្តែតនៅទីលំហល្វឹង​ល្វើយរកកោះត្រើយមិនឃើញ។ តើខ្ញុំជាព្រះរឺ ដែលត្រូវមករ៉ាប់រងជីវិតមនុស្សជាច្រើននាក់? តើខ្ញុំអាចប្រឈមមុខនឹងការស្លាប់អ្នកជំងឺដោយសារខ្ញុំទេ? ការស្លាប់ និងការរស់ គឺខុសគ្នាតែបន្តិចប៉ុណ្ណោះ ព្បាបាលបានគឺបន្តរស់ ព្យាបាលមិនបាន​គឺ ស្លាប់! តើនេះ​ជាល្បែង​ក្នុងកុំព្បូទ័ររឺ? តើជីវិតខ្ញុំត្រូវតែប្រទះជួបរឿងបែបនេះរឺ? ខ្ញុំធុញថប់ណាស់ ខ្ញុំពិតជាចង់​រត់​គេច​ទៅពិភពលោកមួយដែលស្ងប់ស្ងាត់ នឹងបានសំរាកមួយរយៈ។ ខ្ញុំជាមនុស្សម្នាក់​មិន​បាន​ការ​សោះ មួយថ្ងៃៗ ចំនាយពេលវេលា​ដែល​មនុស្សគ្រប់គ្នាអោយតំលៃជាគ្រាប់ពេជ្រ ទៅដោយមិន​ដែលខ្វល់សោះឡើយ! ខ្ញុំមានក្តីសង្ឃឹម តើវាយ៉ាងមិច? ក្តីសង្ឃឹមមិនប្រាកដថា​អាច​អោយ​មនុស្សគ្រប់គ្នារឹងមាំ តស៊ូក្នុងឆាកជីវិត​បាន​ទេ តែនៅពេលដែលយើងសំរេចមិនបាន វាប្រៀប​បាន​អាវុធចាក់ដោតទំលុះបេះដូងយើងគ្មានទីបញ្ចប់ ហើយរស់នៅក្នុងស្រមោលអតីត​ដែល​​អាចមិនបំភ្លេចបាន។

តើក្តីទុក្ខ និងសំពាធ ខ្ញុំ តើមានមនុស្សប៉ុន្មាននាក់យល់ខ្លះ? ស្នាមញញឹមបន្លប់នូវក្តីអស់​សង្ឃឹម កើតមានគ្រប់ពេលដែល​ខ្ញុំបានក្លាយជានិស្សិតពេទ្យ។ ចង្វាក់បេះដូងខ្ញុំ ប្រៀបបាន​នឹងអ្នកជំងឺ​ដែលសំរាកពេទ្យ ហើយត្រូវពិនិត្យដោយឧបករណ៍ ECG។ ថ្ងៃណាមួយ វានឹងអាចបង្ហាញនូវសញ្ញា​អាសន្ន និងជួនកាលអាចជាសញ្ញា ————— បែបនេះ​ក៍ថា​បាន។ ខ្ញុំគិតថានិស្សិតពេទ្យអស្ចារ្យណាស់ ហើយប្រហែលជាសប្បាយរៀនណាស់ តែ​២ឆ្នាំកន្លងផុតទៅ វាប្រៀបបាននឹងស្ថាននរក ដែលពោរពេញដោយ​សំពាធ។ រៀនមិនយល់​សួរអ្នកណា? អនុវត្តទៅរៀននៅទីណា? តើអ្នកណាតម្រង់ទិសជីវិតអោយ?

ណ្ហើយ! តែទោះយ៉ាងណាខ្ញុំដើរលើផ្លូវមួយដែលមិនអាចបកក្រោយ៖

  1. ខ្ញុំនឹងខំប្រឹង ដើម្បីគ្រួសារ។
  2. ខ្ញុំនឹងខំប្រឹង ដើម្បីអ្នកជំងឺ។
  3. ខ្ញុំនឹងខំប្រឹង​ ដើម្បី…… ខ្ញុំក៍មិនដឹងដែរថាដើម្បីអ្នកណាដែរ?

ចង្វាក់បេះដូងនិស្សិតពេទ្យនេះ តើនឹងទៅជាយ៉ាងណា? សូមរងចាំទស្សនាភាពបន្តនៅឆ្នាំក្រោយ!

ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានលឺឪពុកម្តាយរបស់គេនិយាយគ្នាពីស្ថានភាពជំងឺរបស់ប្អូនគេ និងពីទុក្ខកង្វល់ដែលឪពុកម្តាយរបស់គ្មានប្រាក់សំរាប់ព្យាបាលប្អូនគេអោយបានជាសះស្បើយ។ ក្មេងស្រីនោះបានស្តាប់លឺសំដីចុងក្រោយរបស់ឪពុកថា មានតែអព្ភូតហេតុទេទើបអាចជួយប្អូនគេបាន។ រំពេចនោះ ក្មេងស្រីនោះបានរត់ចូលបន្ទប់ រួចយកលុយដែលសន្សំទុក រត់សំដៅទៅផ្សារ ហើយចូលទៅក្នុងហាងលក់ថ្នាំមួយ។  ក្មេងនោះបានយកលុយ១ដុល្លា១១សេនដាក់លើតុថៅកែថ្នាំនោះ។

-តើឯងត្រូវការអ្វី? ថៅកែនោះបានសួរ។

-ខ្ញុំគឺមកទិញថ្នាំអោយប្អូនខ្ញុំ។ ជំងឺគេធ្ងន់ធ្ងរណាស់ ខ្ញុំចង់ទិញអព្ភូតហេតុដើម្បីទៅព្យាបាលប្អូនខ្ញុំ។

-ឯងនិយាយពីអី? ថៅកែនោះសួរដោយងឿនឆ្ងល់។

-ក្នុងក្បាលរបស់វាបានដុះនូវអ្វីម្យ៉ាង លោកប៉ាថាមានតែអព្ភូតហេតុទេទើបជួយប្អូនខ្ញុំបាន។ តើអព្ភូតហេតុមួយតំលៃប៉ុន្មាន?

-សុំទោសក្មួយស្រី អ៊ុំអត់មានលក់អព្ភូតហេតុទេ។ សំដីថៅកែនោះបានធ្វើអោយក្មេងស្រីនោះបាត់បង់ស្នាមញញឹម។

-លោកអ៊ុំ ខ្ញុំមានលុយ បើលុយនេះមិនគ្រប់ទេ ខ្ញុំនឹងទៅរកបន្ថែមទៀត អោយតែលោកអ៊ុំប្រាប់ខ្ញុំថា វាមានតំលៃប៉ុន្មាន?

ក្នុងហាងនោះមានលោកអ៊ុំម្នាក់ទៀត ដែលជាអតិថិជន ឃើញក្មេងស្រីនោះ ក៍សួរ៖

-តើប្អូនប្រុសរបស់ក្មួយស្រីត្រូវការអព្ភូតហេតុបែបណា?

-ខ្ញុំមិនដឹងទេ ។ នាងងើបក្បាលឡើង រួចជូតទឹកភ្នែក។

-ខ្ញុំគ្រាន់តែដឹងថា វាមានជំងឺធ្ងន់ធ្ងរ ម៉ាក់និយាយថាវាត្រូវការទទួលការវះកាត់ តែប៉ាគ្មានប្រាក់គ្រប់គ្រាន់ទេ ដូច្នេះហើយទើបខ្ញុំប្រមូលលុយមកទិញអព្ភូតហេតុ។

-តើក្មួយមានប្រាក់ប៉ុន្មាន?

-១ដុល្លា១១សេន បើមិនគ្រប់ខ្ញុំនឹងរកមធ្យោបាយរកបន្ថែមទៀត។ សំលេងក្មេងស្រីនោះ តិចៗស្ទើរតែស្តាប់មិនលឺ។

-គាប់ជួនម្លេះក្មួយស្រី អព្ភូតហេតុមានតំលៃត្រឹមតែ១ដុល្លា១១សេនទេ។

លោកអ៊ុំនោះបានទទួលប្រាក់នោះ រួចអោយក្មេងស្រីនោះនាំទៅផ្ទះមើលប្អូនគេ ហើយជួបឪពុកម្តាយក្មេងស្រីនោះ ដើម្បីមើលតើ ប្អូនប្រុសនោះត្រូវការអព្ភូតហេតុបែបណា?

តាមពិតទៅលោកអ៊ុំនោះ គឺជាគ្រូពេទ្យវះកាត់ដ៍ល្បី គាត់បានជួយប្អូនប្រុសក្មេងស្រីនោះ ដោយយកត្រឹមតែ១ដុល្លា១១សេន។ ការវះកាត់ត្រូវបានបញ្ចប់ ប្អូនប្រុសក្មេងស្រីនោះក៍បានជាសះស្បើយ។

-នេះពិតជាអព្ភូតហេតុមែន? តើវាតំលៃប៉ុន្មាន? ម្តាយក្មេងស្រីនោះបានសួរខ្សឹបៗទៅក្មេងស្រីនោះ។

-ការពិតវាមានតំលៃតែ១ដុល្លា១១សេន ហើយបូកថែមទាំងជំនឿចិត្តដ៍រឹងមាំរបស់ក្មេងស្រីម្នាក់៕

រឿងនេះកែសំរួលពីភាសាចិន!

គេគឺខ្ញុំ ខ្ញុំគឺគេ !

អរគុណអ្នកម្តាយដែលបានបង្កើត​ខ្ញុំ​ម​ក​អោយ​ឃើញ​ពិភពលោក​មួយដែល​ស្រស់បំព្រង ឆើតឆាយដោយសម្រស់ធម្មជាតិ។ កុមារភាព​គឺជារឿងដែល​ខ្ញុំមិនអាចបំភ្លេចបាន​ ហើយក៍​ជាពេល​សប្បាយជាងពេលណាៗទាំងអស់​ក្នុងជិវិត​ខ្ញុំ។ ផ្លូវជិតកាន់តែដើរ កាន់តែហត់នឿយ កាន់​តែយល់​ថាឯការ កាន់តែយល់ថាលំបាក សំលឹងទៅមុខទាំងគ្មានកោះត្រើយ។ អនាគត​ជារឿងមើលមិនឃើញ បានត្រឹមដាក់ប្រស្នាដល់មនុស្ស ធ្វើអោយមនុស្សខិតខំស្វែងរកចំលើយ និងជាអ្នកកំណត់ចំលើយដោយខ្លួនឯង។ សំលេងសើចក្អាកក្អាយ បានត្រឹមជាទិដ្ឋភាពមួយ​បន្លំ​នូវទិដ្ឋភាពដ៍សែនឈឺចាប់ក្នុងទ្រូង ដែល​មិនអាចពណ៌នាបាន ព្រោះវាបានកប់ជ្រៅក្នុង​ចិត្ត ដែល​លំបាកនឹងជីកគាស់កកាយចេញមក។ វាបានត្រឹមតែធ្វើ​អោយ​មនុស្ស​ប្រុសម្នាក់ យល់ថា​តឹងទ្រូង ចង់ស្រែក ចង់ស្លាប់ ចង់រត់ទៅអោយឆ្ងាយ ហើយស្រែករហូតដល់ស្លាប់ ស្រែករហូត​យល់ថាខ្លួនលែងមានទុក្ខព្រួយ ហើយរស់នៅពិភពនោះតែម្នាក់ឯង ដោយមិន​ចង់​ខ្វល់ពីអ្នក​ណា និងបញ្ហាទាំងឡាយក្នុងជីវិត។ ជីវិតគេប្រៀបបាននឹងកំណាត់ឈើ អណ្តែតគ្មានថ្ងៃសំចត និងគ្មានគោលដៅ។ គេតែងជាមនុស្សបែបផែនឬស្សី ដែលដុះមែកច្រូងច្រាង ប្រៀបបាន​នឹងមានបញ្ហាមិនចេះចប់។ ក្នុងគ្រួសារ គេបានត្រឹមជាកូនល្អ ជាកូនម្នាក់ដែល​គ្មានទុក្ខព្រួយ ប្រើស្បែកមុខក្លែងក្លាយបន្លំភាពពិត ស្នាមញញឹមបន្លំទុក្ខា ក្នុងគោលបំនងមួយ ចង់អោយមនុស្សក្នុងគ្រួសារ សប្បាយចិត្ត កុំអោយអ្នកក្នុងគ្រួសារខ្វល់ពីខ្លួន ព្រោះខ្លួនយល់ថា មិនគួរថែមបន្ទុកមួយទៀត​ដល់អ្នកមានគុណទាំងទ្វេនោះទេ គួរធ្វើជាសសរមួយដែលទ្រផ្ទះទាំងថ្ងៃទាំងយប់ មិនថាភ្លៀង រឺខ្យល់បក់យ៉ាងណា ត្រូវប្រឹងឈរទប់ទល់ផ្ទះមួយដែលនៅឋិតឋេរ ជាម្លប់ដល់គ្រួសារទាំងមូល​។​ គេគ្រាន់តែចង់​បានគ្រួសារសមញ្ញមួយប៉ុណ្ណោះ មួយថ្ងៃៗនៅជុំគ្នា ញ៉ាំអាហារជុំគ្នា សើចសប្បាយជុំគ្នា ដើរកំសាន្តជាមួយគ្នា តែនេះគ្រាន់តែជាសុបិនពេលគេងដែលគេ​តែងស្រមៃចង់បានប៉ុណ្ណោះ។ គេពិតជាចង់បានបងប្រុសម្នាក់ដែលគេងជាមួយគ្នា ជជែកគ្នា ប្រលែងគ្នា ផ្លាស់ប្តូរយោបល់​គ្នា ចែករំលែកនូវបញ្ហា គ្រួសារ ស្នេហា មិត្តភក្តិ និងការសិក្សា។ តែអ្វីដែលទទួលបាន​ បានត្រឹមនិយាយជាវត្ថុគ្មានវិញ្ញាណទៅវិញ។ នៅសាលារៀន គេគ្រាន់​តែ​ចង់បំពេញភារកិច្ច ដើម្បីកុំអោយមាតាបិតាពិបាកចិត្តតែប៉ុណ្ណោះ ព្រោះគេរើស​មុខវិជ្ជាមួយ​ទាំងគេមិនដឹងថាខុសរឺត្រូវ ទាំងមិនដឹងខ្លួនគេចូលចិត្តរឺអត់ ព្រោះសូម្បីតែខ្លួនគេជាអ្នកណា​ ក៍គេស្គាល់មិនច្បាស់ដែរ។ តើរៀនវាដើម្បីអ្វី? សំនួរជាច្រើនតែងលិចចេញ​នៅក្នុងខួរក្បាល​មួយដែលពោរពេញដោយបញ្ហាមិនចេះចប់។ ពាក់កណ្តាល់យប់ ងើបឡើង តែងសួរខ្លួនឯង​ថាតើខ្លួនរស់នៅដើម្បីអ្វី? តើខ្លួនជាអ្នកណា? តើខ្លួនកំពុងតែយល់សប្តិរឺ? ពេលសួរខ្លួនឯងហើយ​ រួចក៍បិទភ្នែករហូតដល់មេឃភ្លឺ ទាំងមិនដឹងចំលើយ។ ណ្ហើយៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ! និយាយអោយត្រង់ទៅ គេគឺជាខ្ញុំ។ បើអាចរើស សុំកុំកើតលើពិភពលោកនេះអី! ពិភពលោកដែលពោរពេញដោយការច្រណែន ការឈ្នានីស ការចង់​ឈ្នះ ហើយយកលុយជាចៅហ្វាយនេះ តើខ្ញុំគួរតែរស់នៅដើម្បីវាដែរមែនទេ? ខ្ញុំស្អប់ខ្លួនឯង​ណាស់។ នេះគ្រាន់តែជាចំនែកតូចមួយនូវកង្វល់ដែលមានក្នុងចិត្តខ្ញុំ សុំទោសដែលអោយ​អ្នកទាំងអស់គ្នាអានហើយមានអារម្មណ៍មិនល្អជាមួយនឹងខ្ញុំ! សុំទោសៗៗៗៗៗ!

ខួបកំណើតអ្នកម្តាយ!

នេះជាចំនងដៃថ្ងៃចូលឆ្នាំចិន​ពីផេនដា​ទៅកាន់ប្រិយមិត្តទាំងអស់គ្នា! កុំភ្លេចអោយ​អាំងប៉ោដល់ផេនដាវិញណា! ហាសហា!

រឿងនោះដំនាលថា៖

មនុស្សម្នាក់រវល់ធ្វើការដល់រដូវរងារកន្លងផុត ទីបំផុតគាត់ក៍បានច្បាប់ឈប់សំរាក​ពីរអាទិត្យ​ គាត់បានរៀបគំរោងទុកជាមុន ថានឹងទៅទេសចរជាមួយមិត្តភក្តិដើម្បីលំហែកាយ។

ពេលបញ្ចប់ការងារ គាត់ក៍បានទៅផ្ទះរៀបចំវ៉ាលី។ ថ្ងៃស្អែកពេលព្រឹកគាត់ក៍បាន​ចេញដំនើរ ហើយគាត់បានទូរស័ព្ទទៅម្តាយគាត់ ប្រាប់ពីដំនើររបស់គាត់។ ម្តាយគាត់បានសួរគាត់៖

+តើកូននឹងឆ្លងកាត់ផ្ទះយើងមែនទេ? ចឹងកូនចូលលេងម៉ាក់ផង ម៉ាក់ចង់ឃើញកូន ព្រោះនឹកកូនណាស់!

-ម៉ាក់ កូនក៍ចង់ទៅមើលម៉ាក់ដែរ តែកូនប្រញ៉ាប់ធ្វើដំនើរ ព្រោះណាត់ពេលវេលា​ជាមួយមិត្តភក្តិហើយ!

នៅពេលដែលគាត់កំពុងធ្វើដំនើរតាមផ្លូវ គាត់ស្រាប់តែនឹកឃើញ​ថា​ថ្ងៃនេះជា​ថ្ងៃកំណើត​របស់ម្តាយគាត់ រួចគាត់ក៍ទៅឈប់នៅហាងផ្កាមួយនៅខាងមុខផ្លូវ គឺក្នុងបំនងទិញផ្កា រួចអោយម្ចាស់ហាងបញ្ជូនទៅផ្ទះម្តាយគាត់។ គាត់ដឹង​ថាម្តាយគាត់​ចូលចិត្តផ្កាណាស់!

ក្នុងហាងផ្កាមានក្មេងម្នាក់ វារើសយកផ្កាកូលាបមួយទង រួចកំពុងរាប់លុយ តែគេធ្វើមុខចំលែក ព្រោះតែវាមានលុយមិនគ្រប់! បុរសនោះបានសួរក្មេងនោះ៖

+ប្អូនយកផ្កាមួយទងនេះទៅធ្វើអ្វី?

+បាទបង! ខ្ញុំយកទៅអោយម្តាយខ្ញុំ ក្នុងឱកាសថ្ងៃខួបកំណើតគាត់។​

គាត់បានដកលុយគាត់ ទៅបង្រ្គប់លុយក្មេងនោះ រួចក្មេងសប្បាយរីករាយនិយាយថា៖

+អរគុណបង ម្តាយខ្ញុំម្ចាស់ជាសប្បាយរីករាយ។

+ មិនអីទេ ថ្ងៃនេះក៍ជាថ្ងៃខួបកំណើតម្តាយបងដែរ។

ក្មេងប្រុសនោះក៍បានចាកចេញ។ បុរសនោះបានរើសផ្កាជាច្រើនប្រភេទ រួចកត់អស័យដ្ឋានទៅអោយ​ម្ចាស់ហាង ដើម្បីបញ្ជូនទៅ រួចគាត់ក៍ចាកចេញទៅ។
គាត់ធ្វើដំនើរមួយសន្ទុះ ស្រាប់តែឃើញក្មេងប្រុសនោះ គាត់ក៍បាន​ឈប់​ឡាន​រួចឃើញក្មេងនោះ​លត់ជង្គង់នៅមុខផ្នូរសពមួយ រួចដាក់ផ្កាកូលាបនៅទីនោះ។ ក្មេង​ប្រុស​នោះ​ឃើញគាត់ ក៍និយាយ៖

+បង ម៉ាក់ខ្ញុំស្រលាញ់ផ្កាដែរខ្ញុំទិញអោយគាត់ណាស់ អរគុណបងហើយ!

ពេលនោះគាត់ក៍បើកឡានត្រលប់ថយក្រោយ ទៅកាន់ហាងផ្កានោះ រួចសួរម្ចាស់ហាងថា​៖

+តើផ្កាដែលខ្ញុំបានទិញ បញ្ជូនទៅនៅ?

+ចាស៎! នៅទេ!

+ចឹងមិនបាច់រំខានអ្នកទេ ខ្ញុំបញ្ជូនវាទៅដោយខ្លួនឯង។

ក្នុងឱកាសចូលឆ្នាំចិននេះ រឺពេលមានទំនេរពីការងារ សង្ឃឹមថាកូនចៅទាំងអស់ត្រលប់ទៅមើលអ្នក​មានគុណទាំងពីរ ដែលគាត់​នៅស្រុក​ដែលគាត់កំពុងទន្ទឹងចាំផ្លូវ​យើងទាំងអស់គ្នា!

គ្មានម្ហូបបាយឯណា ឆ្ងាញ់ជាម្ហូបបាយនៅផ្ទះទេ! ហើយក៍គ្មានទីណា ដែលកក់ក្តៅជាងផ្ទះយើងនោះដែរ!