Feeds:
ប្រកាស
មតិ

Archive for ខែតុលា, 2010

ត្រចៀកម៉ែ

កូនប្រុស​មានការទទួលខុស​ត្រូវ​យ៉ាង​រហ័ស ពីព្រោះតែក្មុង​គ្រួសារមាន​តែម្តាយតែម្នាក់គត់។

ម្តាយ​ខិតខំ​ធ្វើការងារទាំងយប់ទាំងថ្ងៃ គ្មានឈប់សំរាក ម្រាម​ដៃឡើងក្រិន ហើយផ្ទៃមុខមានសភាពស្លេកស្លាំង។ ឯកូនប្រុស​គាត់រៀនបានពូកែ និស្ស័យក៍ល្អនៅក្នុងថ្នាក់ ប៉ុន្តែវា​មិនដែល​រំលឹកដល់រឿងគ្រួសារ ហើយថែមទាំងមិនដែលរំលឹកដល់ម្តាយរបស់វា​នៅក្នុងថ្នាក់រៀនទេ។

តើហេតុអ្វីទៅ?

អ្នកម្តាយ​គឺជាជនពិការ ទោះបីជាអាចស្តាប់បាន ប៉ុន្តែគាត់បានបាត់បង់ស្លឹកត្រចៀក​បាត់​ទៅ​ហើយ។ ផ្នែកខាងក្រៅនៅសល់សាច់បន្តិច​ ប៉ុន្តែវាហាក់ដូច​ជា​ផ្ទៃរាបស្មើទៅហើយ កូនប្រុស​មិន​ត្រឹមតែ​មិនមើលគាត់ទេ ហើយ​ថែមទាំងមិនចង់​និយាយ​ជាមួយគាត់ទៀត។

អ្នកម្តាយ​ដឹង​ពីការខ្វះខាតរបស់ខ្លួន​ ដែលបាន​ផ្តល់នូវស្រមោល​ដល់​អាក្រក់​មួយដល់កូន ដូច្នេះហើយ​គាត់​ក៍មិន​ដែលបន្ទោស​កូនរបស់គាត់ដែរ។ គាត់តែងតែ​ប្រុង​ប្រយ័ត្ន និង​យក​សក់​មក​បិទបាំងផ្នែកត្រចៀករបស់គាត់ជានិច្ច។

អ្នកទាំងពីរស់នៅលើជម្រាលភ្នំ ជាហេតុមិន​ដែលទំនាក់ទំនងទៅ​សង្គម​ខាង​ក្រៅ អ្នកម្តាយ​ជាមនុស្ស​ ឯកោណាស់​ ព្រោះគាត់និយាយ​មិនបាន​ប៉ុន្មានម៉ាត់​ផង​ទៅកាន់​កូនរបស់គាត់។ កូនរបស់គាត់បានរៀនដល់មធ្យមសិក្សា​យ៉ាងឆាប់រហ័ស អ្នកម្តាយខំរកស៊ី យកវត្ថុ​ស្ទើតែទាំង​អស់យក​ទៅលក់ ដើម្បីបង្រ្គប់ថ្លៃ​សិក្សារបស់កូន។

នៅថ្ងៃមួយ កូនប្រុសរបស់គាត់បាន​ភ្លេច​យក​សៀវភៅភាសាបារាំងទៅសិក្សា​ នៅពេលកំពុង​រៀន​ត្រូវ​លោក​គ្រូពិន័យ​អោយ​ឈរពេញមួយម៉ោង។ បន្ទាប់មក​ពេលចេញលេង វាបំរុងទៅផ្ទះ​ថ្ងៃត្រង់​ដើម្បីទៅយកសៀវភៅនោះ ប៉ុន្តែម្តាយ​របស់វា​បានឈរនៅមុខទ្វា ដៃរបស់គាត់កាន់​នូវ​សៀវភៅនោះ វារត់ទៅទទួលដោយសប្បាយរីករាយ។ អ្នកម្តាយបែកញឹសប៉ុន​គ្រាប់​សណ្តែក​ពេញថ្ងាស ញឹសបានបន្តហូរចុះពីលើមុខរបស់គាត់ នេះអាចបញ្ជាក់ថា​ គាត់រត់កាន់សៀវភៅ​នេះយកមកអោយកូនគាត់។

-ឯងនេះ គ្រាន់តែសៀវភៅក៍ភ្លេចដែរ ថ្ងៃក្រោយ​ត្រូវ​ចង​ចាំកុំអោយភ្លេចទៀត។

អ្នកម្តាយ​ហាក់​ដូចជា​ក្តៅស្អុះ ក៍វែកសក់ទៅខាងក្រោយរួចនិយាយ​បន្ត៖

-នៅមានទៀត នេះគឺជាលុយដែលម៉ែទើបតែលក់​ពងមាន់ ឯងយកទុកជាការ​ចាយ​វាយ​ប្រចាំថ្ងៃចុះ។ និយាយរួចក៍ចាប់ដៃកូន។

សិស្សនៅជុំវិញនោះបានលួចសើច មានអ្នកខ្លះសើចខ្លាំងៗ សុទ្ធតែជាក្មេងនៅក្នុងទីក្រុង ព្រោះ​ពួកគេ​មិនដែល​ឃើញ​ស្រ្តី​យ៉ាប់យឺនយ៉ាងនេះ មួយវិញទៀត​ពេល​វែកសក់ទៅក្រោយក៍ប្រទះ​ឃើញអត់ត្រចៀក។ មួយសន្ទុះក្រោយមក សំលេង​សើចចំអក​ក៍លាន់លឺពេញ​ក្នុងថ្នាក់។ កូនប្រុស​គាត់មានអារម្មណ៍មិនល្អ ទឹកមុខឡើងក្រហម ហើយបានស្រែកដាក់ម្តាយវា​ខ្លាំងៗថា៖

-តើអ្នកណាហៅអ្នកមក? ឆាប់ចេញទៅ។

អ្នកម្តាយ​មានអារម្មណ៍អៀនខ្មាស ទឹកនេត្រា​បានហូរស្រោចចេញ​ពីកែវនេត្រា​ទាំងពីរ លើកដៃមានបំនងវាយ​កូន ប៉ុន្តែត្រូវកូនគាត់ចាប់ដៃជាប់។

កូនរបស់គាត់បានតដៃទះគាត់មួយដៃ អ្នកម្តាយបានព្យាយាម​បិទមុខ និងត្រចៀក រួចយំសោកយ៉ាងខ្លាំង។ នេះជាលើកទីមួយហើយ​ដែលគាត់យំនៅមុខមនុស្ស​ជាច្រើន ជាពិសេស​នៅ​ចំពោះមុខកូនរបស់គាត់។ ក្រោយពីរឿងនេះបានកើតឡើង គាត់ក៍មិនបន្ទោសកូនរបស់​គាត់ដែរ ហើយគាត់បានចងចាំសំដីរបស់កូនគាត់ថា កុំអោយនៅក្នុងចំនោមមនុស្ស​ថាគាត់​ជា​ម្តាយអោយ​សោះ។

មិនយូរប៉ុន្មាន សក់ក្បាលរបស់អ្នកម្តាយបានជ្រុះចុះយ៉ាងច្រើន ស្បែកមុខ​ក៍មាន​សភាពជ្រីជ្រួញដែរ។

កូនរបស់គាត់ជាមេដឹកនាំនៅក្នុងថ្នាក់ លទ្ធផលសិក្សាល្អ ប្រលងជាប់បាននិទ្ទេសល្អនៅមធ្យមសិក្សា ​ហើយក៍បានចូលរៀនថ្នាក់មហាវិទ្យាល័យ។ ប៉ុន្តែនៅពេលបំពេញប្រវត្តិរូបចូលរៀន គេក៍បានបំពេញថា​គេជា​ក្មេងកំព្រា គ្មានឪពុកម្តាយ។

នៅខណៈពេលសិក្សាឆ្នាំទី៤ កូនរបស់គាត់ជាប់រវល់ខ្លាំង​ណាស់ ធ្វើការចិញ្ចឹមខ្លួនឯងបណ្តើរ រៀន​បណ្តើរ ហើយមិន​ដែលទៅសួរសុខទុក្ខម្តាយសោះឡើយ។

កូនរបស់គាត់បាន​ស្គាល់នារីស្អាតម្នាក់នៅក្នុងសាលា មនុស្សទាំងអស់ក្នុងសាលា​តែងសរសើរថា​ពួក​គេទាំងពីរសមគ្នាណាស់ សក្តិសមជាគូស្នេហ៍មួយគូ។ ក្រោយបញ្ចប់ការសិក្សា​ពួក​គេ​ក៍បាន​រៀបការ​ជាមួយគ្នា។

កូនគាត់មានស្មារតីរឹងប៉ឹង មិនចូលចិត្ត​អោ​យ​អ្នកណាប្រមាថ ហើយចង់​អោយអ្នកដ៍ទៃកោតសរសើរគ្រប់​ៗ​គ្នា​ ហើ​យរឹងតែមិនចង់អោយអ្នកដទៃសើចចំអ​រឿងម្តាយរបស់គេ ដូច្នេះហើយ​គេមិន​អាច​រំលឹក​ពីម្តាយ​របស់គេឡើយ។

រំលងបានប៉ុន្មានឆ្នាំ  កូនរបស់គាត់មានកូនប្រុសម្នាក់ កូននោះស្អាត ហើយឆ្លាត​ដូច​ជា​ឪពុករបស់​គេដែរ​។ ថ្ងៃកំនើត៣ឆ្នាំបានមកដល់ ពួកគេជួបជុំគ្រួសារអបអរសាទរ។ កណ្តឹងទ្វារបានបន្លឺឡើង អ្នកម្តាយ​បាន​មក​ដល់ ទីបំផុតគាត់​បាន​រកឃើញ​កូនប្រុសរបស់គាត់។ នៅពេលនោះ​ គាត់​មានសក់ស ទេ! មិនគ្រប់​គ្រាន់ទេ !សក់​ក្បាល​ភាគច្រើន​ត្រូវជ្រុះ  គ្មានត្រចៀក វាបានក្លាយជាកំហុស​មួយ​ដែល​មិន​អាច​កែប្រែ​បាន។

កូនតូច​នោះ​បាននិយាយ​៖

-ពុទ្ធោ! គ្មានត្រចៀកចឹង សត្វចំលែក!

កូនប្រុសគាត់​បានប្រញាប់​បីអោបក្មេងនោះ ហើយបានស្តីបន្ទោសទៅកាន់ម្តាយថា៖

-អ្នកនៅតែហ៊ាន​មករក​ខ្ញុំទៀត ចាស់ហើយនៅមិនទាន់ស្លាប់ទៀត! និយាយរួច​ក៍បិទទ្វារ។

ក្រោយពីរឿងនោះបានកើតឡើង អ្នកភូមិបាននិយាយ​តៗគ្នា​ថា អ្នកម្តាយ​បាន​បោកក្បាលនឹ​ង​ជញ្ជាំងស្លាប់។

-ខ្ញុំមិនចង់ក្លាយជាសំពាធរបស់កូនខ្ញុំទេ។ នេះជាសំដីចុងក្រោយមុនពេលគាត់សំលាប់ខ្លួន​​ ហើយ​អ្នក​ស្រុក​បាន​លឺ។

កូនប្រុស​គាត់​គ្មាន​មធ្យោបាយ​ ក៍បានលាត​ត្រដាង​ការពិត។ គាត់បានទទួលស្គាល់ម្តាយរបស់គាត់ ហើយ​គាត់បានទៅធ្វើពិធីបុណ្យសពអោយម្តាយរបស់គាត់ទាំង​មនុស្ស​ជាច្រើនមិនពេញចិត្ត ដើម្បីកុំ​អោយថា​គាត់ជាកូន​អកត្តញ្ញូ។

ទ្រព្យសម្បត្តិរបស់អ្នកម្តាយ​ដែលបានបន្សល់ទុកគឺតិចតួចណាស់ មានដូចជាផ្ទះមួយ ចង្រ្កានចាស់មួយ ចាន​ដែកមួយ និងគ្រែមួយ។ បន្ទាប់មក​ នៅក្រោម​គ្រែ គាត់បានសង្កេតឃើញមាន​កេសមួយ ហើយក្នុងកេស​នោះ​មានខោអាវចាស់ ហើយថ្ងៃធម្មតាមិនដែល​ឃើញគាត់ស្លៀកពាក់ឡើយ ជាពិសេស​នៅកណ្តាលខោអាវទាំង​នោះ​មាន​វិក័យប័ត្រពេទ្យមួយសន្លឹក។ នេះគឺជារបស់អ្នកម្តាយ គាត់បានបើកមើល មួយទំព័រម្តង មួយទំព័រ​ម្តង ក្នុងនោះមានមួយសន្លឹកសរសេរថា៖

-ការវះកាត់ស្លឹកត្រចៀក ការចាក់ថ្នាំ ការវះកាត់……គាត់មិនទាន់បានអានចប់ ត្រង់ទំព័រនោះផង ក៍មានជ្រុះក្រដាសមួយសន្លឹក គឺជាបំនែកនៃក្រដាសនោះ ក្នុងនោះមានឈ្មោះរបស់គាត់ដែលសរសេរដោយ​លោក​គ្រូពេទ្យ ហើយនៅខាងក្រោយទំព័រនោះ មានសរសេរថា៖

សាច់ញាតិបង្កើត ហើយអ្នកម្តាយមានប្រភេទឈាមដូចគ្នា អាចវះកាត់ត្រចៀកបាន!

ប្រសិនបើអ្នកទាំងអស់ជាកូនប្រុសម្នាក់នោះ តើអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណ?

ធ្វើបុណ្យអោយទាន់ខែភ្លឺ!

Read Full Post »

មានភ្នំមួយស្ថិតនៅក្នុងទ្វីបអាព្រិចបានផ្ទុះឡើង ព្រមជាមួយនឹងការហូរច្រោះនៃល្បាយភក់ពីលើភ្នំ។ ល្បាយ ភក់ ទាំង នេះបានហូរចុះពីកំពូលភ្នំយ៉ាងលឿនសំដៅទៅរកភូមិអ្នកស្រុកមួយដែលរស់នៅក្បែរជើងភ្នំនោះ។ ជាពិសេស ល្បាយភក់បានហូរស្រោច និងបំផ្លាញនូវដំនាំ សែ្រចំការ ព្រៃឈើ របស់ប្រជាជននៅតំបន់នោះអស់។ ការហូរចុះនៃល្បាយភក់បានធ្វើអោយកុមារីអាយុដប់បួនឆ្នាំម្នាក់ភ្ញាក់ពីដំនេក។ ល្បាយភក់បានហូរចូលផ្ទះកុមារីនោះ ហើយកើនជំរៅរហូតដល់ទីតាំង ក របស់កុមារី។ នាងនៅសល់តែ ស្មាទាំងពីរ ក និងផ្នែកក្បាលតែប៉ុណ្ណោះ។ អ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់មកជួយនាង ក៍ប៉ុន្តែល្បាយភក់នោះដូចជាខ្សាច់ដែរ កាន់តែរើបំរាស់ នោះកាន់តែលិចចុះក្រោម។ ចុងក្រោយ ផ្ទះកុមារីក៍ត្រូវរលំ ហើយអ្នកមានគុណទាំងពីររបស់នាងក៍ត្រូវល្បាយភក់ឆក់យកជីវិតទៅបាត់ ហើយមានមនុស្សជាច្រើនក្នុងភូមិក៍ត្រូវបានបាត់បង់ជីវិតដែរ។ នៅពេលដែលអ្នកយកពត៌មានតំរង់កាម៉េរ៉ាទៅរកនាង នាងមិនបានសែ្រកហៅនូវពាក្យ ឈឺ មួយម៉ាត់ទេ តែនាងបែរជាខាំធ្មេញញញឹមទៅវិញ ហើយបានព្យាយាមលើកដើមដៃសំដែងនូវការអរគុណទៅកាន់អ្នកជួយសង្គ្រោះ ដោយនាងបានបង្ហាញនូវសញ្ញាជោគជ័យមួយរាងអក្សរ V ។ នាងមានសេចក្តីជឿជាក់យ៉ាងខ្លាំងថាអ្នកជួយសង្គ្រោះអាចជួយនាងអោយមានជីវិតបាន គួរអោយសោកស្តាយ អ្នកជួយសង្គ្រោះទោះប្រឹងអស់ពីសមត្ថភាពក៍មិនអាចជួយនាងបានដែរ។ កុមារីនោះបានត្រឹមតែលិចចូលទៅក្នុងល្បាយភក់ទាំងការបក់ដៃ និងស្នាមញញឹម។ នៅទីអវសាននៃជីវិត កុមារីនៅតែបញ្ចេញនូវស្នាមញញឹម និងម្រាមដៃដែលរក្សាទុកនូវអក្សរ V ជានិច្ច។ ព្រឹត្តិការណ៍នោះហាក់ដូចជាបានកើតឡើងអស់រយៈពេលជាយូរណាស់មកហើយ ក៍ប៉ុន្តែមនុស្សនៅតែចងចាំ និងមិនអាចបំភេ្លចបាននូវសោកនាជកម្មមួយនេះ។ ពិភពលោកស្ងាត់ជ្រៀប ឃើញតែព្រលឹងហោះហើរដោយសេរីភាព។ យមរាជអាចឆក់យកជីវិតមនុស្សទៅបាន តែមិនអាចឆក់យកនូវអក្សរ V ដែលជាការនឹករលឹក និងស្មារតីដ៍អស្ចារ្យបានឡើយ។ ផ្លូវនៃជីវិតតែងកើតមានឡើងនូវរឿងដ៍គួរអោយរំភើបដែលជាកំលាំងដ៍ទាក់ទាញមួយរបស់ពិភពលោក ធ្វើអោយទុក្ខសោករបស់មនុស្សក្លាយជាផ្សែងរសាត់ទៅឆ្ងាយ។

Read Full Post »

មានបុរសប្រាំនាក់​ត្រូវ​បាន​សួរនូវ​សំណួរ​មួយ​ដូចគ្នា៖ ប្រសិនបើ​អ្នក និង​ ម្តាយ​អ្នក​ ប្រពន្ធអ្នក​ និង​កូនអ្នក​ជិះលើ​ទូក​តែមួយ ហើយភ្លាម​ៗនោះ​ទូកត្រូវបានក្រឡាប់​ ហើយអ្នកអាចជួយ​បាន​តែ​មនុស្ស​តែម្នាក់ទេ តើអ្នកនឹងជួយអ្នកណា?

ទោះបីជាសំនួរ​នេះ​ចាស់កំរិល​ក៍ដោយ ប៉ុន្តែវាក៍ជា​សំនួរ​មួយ​ដែលពិបាកឆ្លើយដែរ។

១-បុរស​ដែលមានចំនេះ​ដឹង​បាន​និយាយ​ថា៖ ខ្ញុំ​ជ្រើស​រើស​ជួយ​កូន​របស់​ខ្ញុំ​ ពីព្រោះ​វានៅតូច អនាគតនៅ វែង​​ឆ្ងាយ​គឺ​សក្តិសម​នឹង​ជួយបំផុត។

២-បុរសដែល​យល់​ដឹង​ពីភាពជាក់ស្តែង​បាននិយាយថា៖ ខ្ញុំជ្រើសរើស​ប្រពន្ធខ្ញុំ​ ព្រោះម្តាយ​របស់​ខ្ញុំ​បានស្គាល់រសជាតិជីវិត​យូរណាស់មកហើយ ឯកូនខ្ញុំក៍ដូច្នោះដែរ ព្រោះថា​អោយ​តែមាន​ប្រពន្ធខ្ញុំនៅ កូន​យើង​អាចបង្កើត​បានទៀត​ ហើយនៅតែ​អាច​កសាងគ្រួសារ​ដ៍ពេញ​លេញ​មួយ​បាន។

៣-បុរស​ដែលមានពុតក្បត់​បាននិយាយ​ថា៖ ខ្ញុំជួយជីវិត​ម្តាយ​របស់កូន​នោះ គឺមានន័យពីរ ព្រោះ​មិនដឹងថា​សំដៅ​លើ​ម្តាយរបស់ខ្លួនឯង រឺម្តាយរបស់កូនខ្លួនឯង ទុកអោយអ្នកដទៃ​យក​ទៅ​ពិចារណា​។

៤-បុរសដែលឆ្លាតវៃបាននិយាយ​ថា៖ ខ្ញុំជួយ​មនុស្ស​ដែលនៅ​ជិត​ខ្ញុំជាងគេ ព្រោះថា​មនុស្ស​ដែល​នៅ​ជិត​ខ្ញុំជាងគេគឺ​ជា​មនុស្ស​ដែលងាយ​ជួយជាងគេ។

៥-ចុងក្រោយ​ បុរស​ដែលមានភាពស្មោះត្រង់​មិនដឹង​ថា​ជ្រើស​រើស​យ៉ាងណា ក៍ទៅផ្ទះសួរ​ម្តាយ​ ប្រពន្ធ និងកូន។ គាត់ចង់​ដឹង​ពីគំនិត​របស់អ្នកទាំងបី។

-កូនរបស់គាត់បានឆ្លើយដោយ​មិនពិចារណា​ទៅកាន់គាត់៖ តំបន់ដែល​ពួកយើង​រស់នៅ​គ្មាន​ទន្លេទេ ធ្វើមេចទើប​ពួក​យើង​អាច​លង់​ទឹកនោះ? ពិតជាមិនអាច។ អាយុវានៅក្មេង ការគិត​រឿងអ្វីគឺគិត​តែក្នុងផ្លូវ​សុទិដ្ឋនិយម។

-ប្រពន្ធរបស់គាត់ឆ្លើយសំនួរនេះ​ទាំងមិនពេញចិត្ត៖ បងចេះ​និយាយ​ទៅរួច បងត្រូវតែជួយ​អូន​ និងកូន។ ខ្ញុំមិនខ្វល់នឹងសំដីឆ្កួលឡប់អី ថាជួយបានតែម្នាក់។ មនុស្សស្រីតែយល់ថា​ប្តីរបស់ខ្លួន​អាចទទួលខុសត្រូវ​នូវរឿងរ៉ាវគ្រប់បែបយ៉ាងទាំងអស់។

-ចុងក្រោយ គាត់បានទៅសួរម្តាយរបស់គាត់។ គាត់និយាយ​មិន​ទាន់​ចប់​ផង​ ម្តាយ​របស់គាត់​បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយចាប់ដៃកូនយ៉ាងជាប់ រួចនិយាយ៖ ពួកយើង​ធា្លក់ចូលក្នុងទឹកអស់​ហើយ កូនក៍ត្រូវធ្លាក់ចូលក្នុងទឹកដែរ ដូច្នេះ​ហើយ​ម្តាយ​ត្រូវតែជួយកូន។

បុរសដែលមានភាពស្មោះត្រង់​និយាយ​មិនចេញថា​ត្រូវឆ្លើយចំលើយយ៉ាងណា។

ក្នុងជីវិតមនុស្ស​យើង ការជ្រើងរើស​ ពេលខ្លះពិតជា​អាក្រក់ខ្លាំងណាស់ ទោះបីជាយើង​ធ្វើការ​ជ្រើសរើស​យ៉ាងណាក៍ដោយ ក៍ត្រូវបាត់បង់វត្ថុសំខាន់ម្យ៉ាងដែរ។ នៅពេលដែលយើង​ប្រឈម​នឹង​ការជ្រើស​រើសទាំងនេះ កុំពិចារណាច្រើនពេក ព្រោះថា​ការជ្រើសរើស​ខ្លះ​ ការពិត​ ពិត​ជា​មិនអាច​និយាយបានថា​វាខុសរឺក៍ត្រូវ? អ្នកត្រូវជ្រើសរើស​ក្នងស្ថានភាពជាក់ស្តែង ទើបជាការ​ជ្រើសរើស​ដ៍ពិតប្រាកដ។

Read Full Post »