Feeds:
ប្រកាស
មតិ

Archive for ខែធ្នូ, 2010

គ្រិស្តស្មាសមកដល់ យើងសប្បាយ            យើងសើចក្អាកក្អាយ ព្រោះដឹងច្បាស់

នេះជាសញ្ញា ​ថាឆ្នាំចាស់                          ត្រូវបានប្តូរផ្លាស់ ចូលឆ្នាំថ្មី ។

ផេនដាម្នីម្នា ពិចារណា                             ដៃកាន់កាប៉ាយ៉ាងខ្មាតខ្មី

តាក់តែងជាកាព្យទើបគប្បី                        ថ្លាថ្លែងសំដី ពិតមិនអាច ។

ឆ្នាំថ្មីផេនដា​ សូមជូនពរ                            សុខភាពបវរ មានអំនាច

ជៀសចេញអោយឆ្ងាយ នូវគ្រោះកាច         កង្វល់តូចតាច រលាយបង់។

សូមជួបអាយុ និងវណ្ណៈ                            សុខៈពលៈ មិងបង្អង់

បដិភាណៈបានតំរង់                                 កើតមាននៅក្នុង ឆ្នាំថ្មីនេះ ៕

Read Full Post »

សមុទ្រក្ស័យ (Dead Sea) មានទីតាំងនៅព្រំដែនរវាង Palestine និងJordan។ វាមានបណ្តោយ​៦៧គីឡូម៉ែត និងទទឹង១៨គីឡូម៉ែត និងមានផ្ទៃក្រឡា ៨១០គីឡូម៉ែតការ៉េ។ នៅក្នុងទឹកសមុទ្រក្ស័យ ភាវៈមានជីវិតនានា​មិនអាចរស់​បានទេ។ តែអ្វីដែលមនុស្សចូលចិត្តទៅកំសាន្តនោះ គឺសមុទ្រក្ស័យអាចធ្វើអោយអ្នកមិនចេះហែលទឹកអាច​ហែលក្នុងសមុទ្របាន។ មនុស្សគ្រប់រូបអោយតែធ្លាក់ក្នុងសមុទ្រក្ស័យហើយ នោះនឹងអណ្តែងឡើងមកវិញ ព្រោះថា​មនុស្ស​មានដង់ស៊ីតែប្រហែល​១.១៧-១.២២៧ ឯខ្លួនមនុស្ស​មានដង់ស៊ីតេប្រហែល​១.០២-១.០៩៧ ដោយសារ​ទឹក​មានដង់ស៊ីតេខ្ពស់ជាង​មនុស្ស​ ដូច្នេះមនុស្ស​មិនអាចលិចចុះបានទេ។ ទេសចរអាចដេកនៅលើសមុទ្រ ដៃម្ខាង​កាន់ឆ័ត្រការពារព្រះអាទិត្យ ដៃម្ខាងទៀតកាន់កាសែតរឺសៀវភៅដើម្បីអានកំសាន្តលើសមុទ្រក្ស័យនេះ។ ការត្រាំក្នុងទឹកសមុទ្រក្ស័យអាចជួយដល់ជំងឺឈឺសន្លាក់ថែមទៀតផង។ តែប្រការមួយ គឺពេលលេងហាមមិន​អោយទឹកចូលភ្នែក មាត់ ព្រោះទឹកសមុទ្រនេះមានកំហាប់អំបិលខ្ពស់ជាងសមុទ្រធម្មតា។

Read Full Post »

មានមនុស្ស​ម្នាក់បានស្លាប់បាត់​ទៅហើយ នៅតាម​ផ្លូវទៅជួបយមរាជ បានប្រទះ​ឃើញ​វិមាន​ដ៍ស្តុកស្តម្ភមួយ។ ម្ចាស់វិមាន​បានអង្វរអោយគាត់ស្នាក់នៅទីនោះ។

មនុស្ស​ម្នាក់នោះបាននិយាយ​ថា​៖

– ខ្ញុំនៅឋាន​កណ្តាលរស់នៅ​យ៉ាង​លំបាកអស់មួយជីវិតហើយ ឥលូវខ្ញុំចង់តែងញ៉ាំ ហើយនិងដេកតែប៉ុណ្ណោះ។ ខ្ញុំស្អប់ធ្វើការងារណាស់!

ម្ចាស់វិមាន​បានឆ្លើយថា៖

-បើដូច្នេះ នៅលើលោកនេះគ្មាន​កន្លែង​ណា​ដែល​សក្តិសម​នឹងកន្លែង​ខ្ញុំនេះទៀតទេសំរាប់អោយ​អ្នក​ស្នាក់​នៅ។ នៅទីនេះមាន​គ្រប់អាហារទាំងអស់ អ្នក​ចង់​អ្វីគឺញ៉ាំបានតាមចិត្ត គ្មានអ្នកណាម្នាក់​មក​ហាម​ឃាត់អ្នក​ទេ ហើយនៅទីនេះ​ក៍​មាន​គ្រែ​សំរាប់អ្នក​ដេកយ៉ាង​ស្រួលខ្លួនដែរ អ្នកចង់ដេកប៉ុនណាគឺដេក​ប៉ុននោះ គ្មានអ្នកណា​ម្នាក់​រំ​ខាន​អ្នកទេ ហើយជាពិសេស ខ្ញុំធានា​ថា​គ្មានការងារអោយអ្នកធ្វើទេ!

ដោយសារហេតុនេះ ទើបមនុស្ស​ម្នាក់នោះក៍ស្នាក់នៅទីនោះ!

ការចាប់ផ្តើបមួយរយៈខ្លី មនុស្សម្នាក់នោះ ក្រៅពីញ៉ាំហើយដេក ដេកហើយញ៉ាំ មាន​អារម្មណ៍​ថា​សប្បាយរីករាយណាស់។ បន្ទាប់មកទៀត​ គាត់ក៍ចាប់ផ្តើម​មានអារម្មណ៍ថា​ឯកោ និងទទេស្អាត ហើយគាត់ក៍បានទៅជួបនឹង​ម្ចាស់វិមាន ហើយនិយាយ​ស្នើសុំ៖

-ជីវិតញ៉ាំហើយដេក ដេកហើយញ៉ាំនេះ រស់នៅយូរទៅគ្មានខ្លឹមសារទាល់តែសោះ។ ខ្ញុំ​ឥលូវ​ធុញទ្រាន់ ហើយគ្មានអារម្មណ៍នឹងរស់នៅជីវភាពបែបនេះទៀតហើយ តើអ្នក​អាច​រកការងារ​អោយខ្ញុំមួយបានទេ!

ម្ចាស់វិមានបានឆ្លើយតបថា៖

-សុំទោស! នៅទីនេះគ្មានការងារសំរាប់ធ្វើទេពីមុនមក!

ឆ្លងកាត់ប៉ុន្មានខែក្រោយមក មនុស្ស​ម្នាក់នៅក៍ទ្រាំលែងបានទៀតហើយ រួចទៅ​ជួបម្ចាស់វិមាន​ម្តងទៀត៖

-ជីវភាពបែបនេះខ្ញុំទទួលលែងបានហើយ ប្រសិនបើអ្នកមិនអោយការងារ​ខ្ញុំធ្វើទេ ខ្ញុំសុទ្ធចិត្ត​ទៅ​ឋានរក ឈប់រស់នៅទីនេះទៀតហើយ។

ម្ចាស់វិមាន​ឆ្លើយតបទាំងសើចថា៖

-តើអ្នកយល់ថាទៅនេះជាឋានសួគ៌រឺ? នៅទីនេះតាំងពីដើមមក​ជាឋាននរកហើយតើ! ការរស់​នៅដោយស្ងៀមស្ងាត់ក៍ជាគុកឋានរកមួយប្រភេទដែរ! ទោះបីទីនេះគ្មានទណ្ឌកម្មក៍ដោយ​ ប៉ុន្តែនៅទីនេះគឺជាកន្លែងបំផ្លាញក្តីស្រមៃរបស់អ្នក ធ្វើអោយអ្នកឯកោ ហើយថែមទាំងធ្វើអោយ​អ្នកក្លាយជាអ្នកតិះទៀនពោរពេញដោយក្តីច្រណែន!

Read Full Post »

សត្វក្ងានជាសត្វមានចរិតស្លូតបូត ក្លាហាន ស្មោះត្រង់ ហើយមានឆន្ទៈមុតមាំ។ តែចំនុច​ទាំងអស់​នេះ​គ្រាន់តែជាផ្នែកតូចមួយតែប៉ុណ្ណោះ អ្វីដែលមនុស្សគ្រប់គ្នាចាប់អារម្មណ៍នោះ គឺស្នេហា​ស្មោះ​ស្ម័គ្រ​របស់​សត្វក្ងាន។ សត្វក្ងានក្នុង​មួយជីវិត​មាន ដៃគូបានតែមួយគត់ ហើយបើដៃគូម្ខាងស្លាប់ ដៃគូម្ខាង​ទៀតនឹងមិនស៊ីចំនី​ មិនដេករហូតដល់ស្លាប់ដែរ។

មានមនុស្ស​ចាស់ម្នាក់គាត់ស្រលាញ់ និងស្ងប់ស្ងែងសត្វក្ងានណាស់។ គាត់បានចំនាយពេល​៣០ឆ្នាំដើម្បី​តាមដានសកម្មភាពរស់នៅរបស់សត្វក្ងាន។ គាត់បានប្រាប់ថា សត្វក្ងានមួយគូ កាលណាចាប់​​ផ្តើមស្រលាញ់គ្នាហើយ ក្នុងកែវភ្នែករបស់ពួកវា គឺគ្មានសត្វក្ងានផ្សេងទៀតទេ។ ពួកវា​មិនដូចជាមនុស្ស​ ពេលប្រឈមមុខនឹងចំនុចល្អរបស់មនុស្សផ្សេងទៀត គឺចិត្តនៅមិនស្ងៀម ទោះដឹងថាខ្លួន​មាន​ក្តីស្រ​លាញ់​តិចតួចក៍ដោយ​ ក៍បែងចែកទៅអោយមនុស្ស​ច្រើនដែរ។ នៅពេលដែលសត្វក្ងានចាប់ផ្តើម​សេចក្តីស្នេហាមួយ ពួកវាបានកំនត់នៅលើផ្លូវស្នេហាថាគឺដើរបានតែពីរនាក់វាគត់។ រាល់ឆ្នាំអោយ​តែដល់​រដូវផ្លាស់លំនៅ ស្នេហារបស់ពួកវា ក៍ត្រូវដល់ពេលពិសោធចិត្ត​គ្នាដែរ។ ពួកវាមិនប្រាកដថា ដៃគូម្ខាង​ពិត​ជាអាចរស់នៅជាមួយវាអស់មួយជីវិតបានទេ ទើបពួកវាយកពេលវេលាដើម្បីបញ្ជាក់ពីស្នេហានេះ។ អំឡុងពេល​ដែលបែកគ្នា ពួកវាបានជួយប្រទះនឹងភាពឯកាក ការលំបាក ហើយប្រឈមមុខនឹង​សេចក្តី​ស្លាប់ទៀតនៅពេលដែលវាប្រាប់សញ្ញាស្នេហាទៅក្ងានម្ខាងទៀត។ អ្វីៗគ្រប់បែបយ៉ាង ការឃ្លាតពីគ្នាជើងមេឃម្ខាងម្នាក់ ធ្វើអោយក្តីសង្ឃឹមជួបគ្នាកាន់តិចតួចឡើងៗ។ មិនដូចជាមនុស្ស ទោះបីជា​ជាឃ្លាត​គ្នាក៍នៅមាន​មធ្យោបាយគ្រប់បែបយ៉ាងទំនាក់ទំនងគ្នាដែរ។ នៅពេលរដូវផ្លាស់ទីលំនៅចប់ ពួកវានឹង​វិលមកកន្លែងដើម ហើយ​បើដៃគូម្ខាងមិនស្លាប់ ពួកគេនឹងបន្តស្នេហានេះទៀត ដោយទទះស្លាបរាំនៅ​លើទឹក។  ការពិសោធនេះត្រូវការយៈពេល៣ឆ្នាំ បើ៣ឆ្នាំពួកវានៅតែស្រលាញ់គ្នា ពួកវានឹងថែរក្សា​ស្នេហានេះអស់មួយជីវិត។ ប៉ុន្តែបើពួកវាយល់ថាមិនអាចរស់នៅជាមួយគ្នា​ពួកវាក៍ចែកផ្លូវគ្នា​ហើយ​ក្លាយជាមិត្ត។ ហើយប្រសិន​បើ​ពួកវា​ស្រលាញ់គ្នាពិត ក្នុងចំនោមក្ងានទាំងពីរ មានមួយបង្ហាញនូវ​ភាព​ក្លានហានប្រាប់ដល់សមាជិកថាពួកវាថានឹងចាកចេញពីក្រុមនេះ ហើយទៅរស់នៅតែពីរនាក់រហូត​ដល់​ស្លាប់ ហើយគ្មានឈ្មោះថាជាអ្នកក្បត់។ គ្រប់សត្វក្ងានទាំងអស់ សុទ្ធតែយល់ថា​មានតែធ្វើបែបនេះ​ទេ ទើបស្នេហារបស់ពួកវាជាស្នេហាពិត។

នេះគឺជាស្នេហារបស់សត្វក្ងាន ធ្វើអោយមនុស្សមានអារម្មណ៍ថា​រំភើប និងក្តុកក្តួល។ ពួកវាបាន​ប្រាប​យើងថា​៖ មានតែស្នេហាដែលយកពេលវេលាមកបញ្ជាក់ទេ ទើបជាស្នេហាដែលស្ថិតស្ថេរ និងពិតប្រាកដ។

Read Full Post »

នេះគ្រាន់តែជាទស្សនៈខ្ញុំតែម្ខាង គួរ រឺពុំគួរសូមមិត្តអធ្យាស្រ័យផង!

ខ្ញុំមិន​មែនជាមនុស្ស​ដែលមាន​បទពិសោធពេញលេញផ្នែករឿងស្នេហារវាង​ប្រុស​ស្រីនោះទេ តែ​គ្រាន់តែមានមតិចង់បញ្ចេញទាក់ទងនឹងសេចក្តីស្នេហា។ ខ្ញុំអោយ​និយមន័យ​នៃ​សេចក្តី​ស្នេហាតែពាក្យបីម៉ាត់តែប៉ុណ្ណោះ នោះគឺ៖ ការលះបង់! មនុស្ស​​ដើម្បីស្នេហា​ដែល​ខ្លួន​ចង់​បាន​សុទ្ធចិត្ត​លះបង់​ពេលវេលា​ ការសិក្សា ទ្រព្យធន កិត្តិយស សេចក្តីថ្លៃថ្នូរ រហូត​មាន​អ្នក​ខ្លះ​លះបង់​ដល់​អាយុ​ជីវិតទៀត។ តើស្នេហាពិតជាមាន​សមត្ថភាពអាច​អោយ​មនុស្ស​ឆ្គួត​វង្វេង​ ហើយ​ហ៊ានលះបង់ដល់ថ្នាក់នេះរឺ? ស្នេហាគ្រាន់តែជាវត្ថុគ្មានវិញ្ញាណមួយតែប៉ុណ្ណោះ តែ​បើ​យើងប្រាថ្នាចង់បានវា​ហើយ នោះយើងត្រូវហ៊ាន​លះបង់អ្វីៗគ្រប់បែបយ៉ាង។ ស្នេហា​មិន​ប្រាកដ​ថា​មនុស្ស​ពីរនាក់ត្រូវរស់នៅជាមួយគ្នានោះទេ តែជាការលះបង់ដើម្បីអោយ​ដៃគូយើង​​រីក​រាយ​គ្រប់ពេលវេលា។ មនុស្ស​ពីរនាក់ស្រលាញ់គ្នា​ ត្រូវទុកចិត្តគ្នា។ ការទុកចិត្ត​ជា​កត្តា​សំខាន់ណាស់ ព្រោះមានតែកាទុកចិត្ត​គ្នាទេ  ទើបអាចរក្សាចំនងស្នេហា​នេះ​អោយ​ស្ថិត​ស្ថេរ​យូរអង្វែងបាន! ខ្ញុំមិនយល់ស្រប​ នូវពាក្យថា​ ប្រចណ្ឌកើតចេញ​មក​ពីការស្រលាញ់។ ការ​ប្រ​ចណ្ឌគឺជាអារម្មណ៍បុគ្គលដែលត្រូវ​មជ្ឈដ្ឋានជុំវិញគ្របសង្កត់ ហើយ​កើត​ចេញពីការ​មិនទុកចិត្ត​គ្នា​ មិនស្តាប់ហេតុផលគ្នា និងការច្រណែន មិនមែន​កើតចេញ​ពីការស្រលាញ់នោះ​ទេ។ បើមនុស្ស​ពីរនាក់ស្រលាញ់គ្នាមែន គួរតែព្យាយាម​បង្រ្កាបភ្លើងប្រចណ្ឌអោយ​បាន ហើយ​ត្រូវ​ចេះសួររក​ហេតុផលគ្នាទើបប្រសើរ។ មតិនៅមានច្រើនតែមិន​ហ៊ាន​និយាយ​ច្រើន​ ព្រោះខ្វះបទពិសោធ សង្ឃឹមថា​បងៗមានបទពិសោធជួយប្រាប់ប្អូនផង!

មុននឹងសំរេចចិត្ត​ទទួលយក​ពាក្យថាស្នេហា សូមមិត្តសួរខ្លួនឯងថា​ហ៊ានឈឺចាប់រឺអត់?

ការស្រលាញ់គ្នាពិត គឺការផ្តល់សិទ្ធសេរីភាព និងការទុកចិត្តគ្នាទៅវិញទៅមក!

Read Full Post »

នេះគឺជារឿងពិតដែលកើតមានឡើងនៅទ្វីបអាព្រិច។

វាកើតឡើងនៅក្នុងសាលា​មួយនៅហ្គាណា។​ នៅពេលដែលលោកគ្រូដើរចូលថ្នាក់រៀន គាត់​បាន​យក​ក្រដាស ស​ មួយសន្លឹកដែលមានចំនុចខ្មៅនៅកណ្តាល ហើយសួរទៅសិស្ស៖

-តើសិស្ស​ទាំងអស់គ្នាមើលឃើញអ្វី?

សិស្សទាំងអស់គ្នាបានសំលឹងទៅចំនុចខ្មៅ ហើយឆ្លើយទាំងអស់គ្នាថា៖

-មានចំនុចខ្មៅមួយ!

លោកគ្រូនិយាយ​ទៅកាន់សិស្សទាំងអស់គ្នាទាំងខកចិត្ត៖

-តើអ្នកទាំងអស់គ្នា​ពិតជាមើលមិនឃើញក្រដាស ស នេះទេ? ក្នុងភ្នែកអោយ​តែផ្តោតលើចំនុចខ្មៅ នោះចំនុចខ្មៅនឹងកាន់តែធំឡើងៗ។  ក្នុងជីវភាពរស់នៅ អ្នកទាំងអស់គ្នាកុំធ្វើបែប​នេះ​អោយសោះ!

លោកគ្រូបានទូន្មានទៅសិស្ស។

នៅក្នុងថ្នាក់រៀនមានសភាពស្ងប់ស្ងាត់ លោកគ្រូក៍យក​ក្រដាសខ្មៅមួយសន្លឹកដែលមានចំនុ​ច ស​ នៅកណ្តាល។ គាត់បានសួរទៅសិស្សទាំងអស់ថា៖

-តើសិស្សទាំងអស់គ្នាមើលឃើញអ្វី?

សិស្សទាំងអស់បានឆ្លើយយ៉ាងព្រមគ្នាថា៖

-ចំនុច ស មួយ។

លោកគ្រូបានសើ​ច ហើយនិយាយ​ថា៖

-ពិតជាល្អណាស់ អនាគតដ៍ល្អដែលគ្មានព្រំដែនកំពុងរង់ចាំអ្នកទាំងអស់គ្នា។

លោកគ្រូ បានយកមេរៀន ចំនុចខ្មៅលើក្រដាស ស និងចំនុច ស លើក្រដាសខ្មៅ ទៅអប់រំ ហើយមេរៀន​នេះបានដិតដាម​យ៉ាងជ្រៅក្នុង​អារម្មណ៍សិស្សម្នាក់ ដែលសព្វថ្ងៃសិស្សនោះ គឺជា​អនុរដ្ឋ​លេខាធិកាអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់។ ដោយសារតែគាត់ឃើញនូវចំនុច​ស នេះ ទើបអាចរកសន្តិភាពអោយ​សង្រ្គាម​ឈូងសមុទ្រយ៉ាងខ្មៅងងឹតបាន។

ប្រឈម​មុខ​នឹងភាពស្មុគស្មាញនៃពិភពលោកនេះ តើក្រសែភ្នែកយើងផ្តោតទៅលើអ្វី? ប្រសិន​បើ​ក្រសែភ្នែកយើង​ផ្តោតទៅលើភាពឈឺចាប់ ភាពទុក្ខសោក នោះជីវិតនឹង​គ្មាន​ពន្លឺ​ជា​ដាច់ខាត។ តែប្រសិនបើក្រសែភ្នែកយើង​ផ្តោតទៅលើ​ភាពរីករាយ អ្នកនឹង​ទទួល​បាន​សុភ​មង្គល។ ទោះបីយើងមើលផ្នែកណាមួយ​នៃ ភាពរីករាយ ការឈឺចាប់ ការសោកស្តាយនៃមនុស្ស នោះអ្នកនឹងទទួលបាន​នូវគំនិតផ្សេងៗគ្នា។

ក្នុងក្រសែភ្នែកខុសគ្នា​ មើលឃើញវត្ថុក៍ខុសគ្នាដែរ ហើយការគិតខុសគ្នា ផ្តល់នូវ​លទ្ធផល​ក៍ខុសគ្នាដែរ។

 

Read Full Post »

មណ្ឌលគិរី ខេត្តល្អស្រស់                       ពិតជារបស់ កម្ពុជា

សម្បត្តិធម្មជាតិ​ ត្រូវគាំពារ                      វប្បធម៌នានា ត្រូវរក្សា។

ពេលបានទៅដល់ ក្នុងចិន្តា                    ពិតជាស្រស់ថ្លា សែនអស្ចារ្យ

ទេសភាពនានា គាប់នេត្រា                    ឆ្លាក់ជាប់​ចិន្តា គ្មានថ្ងៃភ្លេច។

ប៊ូស្រា​ត្រជាក់​ ទាំងកាយា                       អូប្លាយ​ទឹកថ្លា ភ្លឺដូចពេជ្រ

សមុទ្រឈើ​សែនខ្ពស់​ មើលថ្ងៃលិច          ព្រៃឈើរំលេច ព្រះសូរ្យសែង។

ទឹកធ្លាក់រម្យនា ពិតល្បាញល្បី                 ដំនាក់ស្តេចឃ្មាតខ្មី ប្រឹងសំដែង

ភ្នំដោះក្រមុំ​ ពិតខែងរ៉ែង                         ខំអួតសំញែង ដាក់ទេសចរ។

សម្រស់ទេសភាព មណ្ឌលគិរី                 បីពណ៌គ្មានពីរ សែនស្មោះស

បៃតងលឿងខ្ចី មាសលំអ                       ទាក់ភ្នែកទេសចរ គ្រប់វេលា។

បទ៖ និទាឃរដូវមណ្ឌលគិរី

Read Full Post »