Feeds:
ប្រកាស
មតិ

Archive for ខែមករា, 2011

សួស្តីអ្នកភូមិវើតហ្រ្វេសទាំងអស់គ្នា ជិតដល់បុណ្យចូលឆ្នាំប្រពៃណីចិនហើយ  តើ​អ្នក​ណាកូនកាត់ចិនខ្លះ? តើអ្នកណាសែនខ្លះ? ជួយប្រាប់ផេនដាផង! ហិហិ (ផេនដា​កាត់ចិន​ដែរ) 😀

ក្នុងឱកាសដ៍សែនរីករាយនេះ ផេនដាមានបទចំរៀនបីបទ ដែលមាន​អត្ថន័យ ហើយ​ពីរោះយក​មកអធិប្បាយអោយ​អ្នកភូមិទាំងអស់គ្នាស្តាប់! ហិហិ

បទទីមួយ៖ 天地吉祥 ( ក្រោមលោកសុខសាន្ត)

បទនេះជាបទថ្មីប្រចាំឆ្នាំនេះ មានអត្ថន័យថា ក្នុងឆ្នាំថ្មីនេះយើងគួរតែបោះបង់​នូវរឿង​ទុក្ខព្រួយក្នុងចិត្ត​ទាំងអស់ ទទួលរីករាយឆ្នាំថ្មី ស្នាមញញឹម​តែងមានក្តីសង្ឃឹម ឆ្នាំថ្មីត្រូវមានក្តីសុបិន្តមួយ​ទៀត​ ត្រូវខិតខំសំរេចជោគជ័យ ហើយភាពរីករាយស្ថិតនៅក្នុងចិត្តជានិច្ច! បទនេះ​ពិសេសមួយទៀត៖ ការជួយជុំមួយ​ តែគ្មានមនុស្ស​ដែលយើងនៅស្រលាញ់នៅក្បែរខ្លួននោះ តើនៅ​មាន​ន័យអ្វីទៀត? ដូច្នេះ យើងទៅជួបជុំគ្រួសារ និងមិត្ត រឺមនុស្ស​ដែលយើង​ស្រលាញ់​ទាំងអស់គ្នា​ក្នុងឱកាសឆ្នាំថ្មីនេះ! ហិហិ

បទទីពីរ៖ 庆祝 (អបអរសាទរ)

បទនេះខ្ញុំពេញចិត្តណាស់ វាចងបញ្ជាក់ថា យើងជាកូន កុំភ្លេចអ្នក​មានគុណទាំងពីរ​ដែលនៅផ្ទះ ដែលតែងទន្ទឹមចាំផ្លូវកូនជានិច្ច សង្ឃឹមថាកូន​អាច​មកបរិភោគអាហារជុំគ្នា និងអបអរសាទរ ក្នុងឱកាសចូលឆ្នាំនេះ!

បទទីបី៖ 大团圆 (ការជួបជុំ)

បទនេះពិតមានអត្ថន័យសំរាប់ផេនដាណាស់ ពេលផេនដាស្តាប់ម្តងៗ ធ្វើអោយ​ផេនដានឹកដល់មិត្តភក្តិសាលាចិនមែនទែន នឹកដល់អនុស្សាវរីយ៍ជាច្រើនដែល​បានដក់ជាប់ក្នុងខួរក្បាលផេនដាជានិច្ច។ សង្ឃឹមថាពួកគេបានសុខទាំងអស់គ្នា!

ជាចុងក្រោយ ផេនដាសូមជូនពរអ្នកភូមិអោយ​ជួបតែ​ សុខភាពល្អ(身体健康) ជោគជ័យគ្រប់​ភារកិច្ច(万事如意) និង​ រកស៊ីមានបាន(恭喜发财)!

Read Full Post »

មានឡាន​ក្រុង​បានបើកចូលទៅក្នុងផ្លូវភ្នំ តែមុនពេលនោះ មានសង្សារពីរនាក់​បាន​ចុះពីឡាន។ ពេលពួកគេចុះហើយ ឡានក៍បន្តដំណើរទៅមុខ។ មិនទាន់បើកបាន​ទៅ​ឆ្ងាយផង ស្រាប់តែមានដុំថ្មធំៗរមៀលពីលើភ្នំចុះ​មកសង្កត់ឡាននោះ ធ្វើ​មនុស្ស​ក្នុង​ឡានមិនអាចមានជីវិតត្រលប់មកវិញ។

-សង្សារនោះក្រោយពីបានលឺដំនឹងនេះ ក៍និយាយថា៖ ប្រសិនបើយើង​នៅលើ​ឡាន​ក្រុង​នោះ………………………………………………………………………។

តើអ្នកអាចបំពេញឃ្លាខាងលើបានដែររឺទេ?

-មនុស្ស​ភាគច្រើនប្រហែលជាគិតថា​ សង្សារនោះប្រហែលជានិយាយថា៖ ប្រសិន​បើ​យើងនៅ​លើ​ឡាន​ក្រុងនោះ ពួកយើងក៍នឹងត្រូវស្លាប់ដែរ។

តែសង្សារនោះបែរជានិយាយថា៖ ប្រសិន​បើយើងនៅលើឡានក្រុងនោះ ហើយ​មិន​ចុះពីឡានទេ នោះឡានក្រុងនោះក៍មិនជួបឧបទ្ទវហេតុនេះដែរ។

នៅក្នុងជីវភាពរស់នៅ តើយើងមិនអាចសាកគិតក្នុងផ្លូវវិជ្ជមានទេរឺចំពោះបញ្ហាកើតឡាង រកឱកាស​ទៅជួយអ្នកដ៍ទៃ?

 

Read Full Post »

កំពុងតែរៀន…….

ទូរស័ព្ទខ្ញុំរោទិ៍ឡើង៖ អាឡូ! អូន ភ្លើងឆេះជិតផ្ទះយើង!

គ្រាន់តែលឺបេះដូងខ្ញុំសឹងគាំង និយាយមិនចេញ ខ្ញុំបានប្រញាប់​ចាកចេញពីសាលា​រួចបើកម៉ូតូ​យ៉ាងលឿនត្រលប់ទៅផ្ទះ ទាំងក្នុងចិត្តក្តុកក្តួលបំផុត។ អារម្មណ៍បែបនេះ​បាន​កើត​ឡើង​ចំពោះ​ខ្ញុំជាលើកទីពីរហើយ។ នៅចាំបានថាកាលពី ១៩/១១/២០០៩ ​នៅវេលាពេលព្រឹក ខ្ញុំក៍បាន​ទទួលទូរស័ព្ទមួយពីពូខ្ញុំយ៉ាងដូច្នេះដែរ តែអ្វីៗវាបានហួស​ពេលហើយ អគ្គិភ័យ​បាន​ឆក់យកទ្រព្យសម្បត្តិទាំងគ្មានមេត្តាពីគ្រួសារខ្ញុំ ជាពិសេសរាល់​ឯកសារ​សិក្សារបស់ខ្ញុំត្រូវបំផ្លាញសល់តែគំនផេះតែប៉ុណ្ណោះ។

ខ្ញុំជិះម៉ូតូបណ្តើរ ស្រមៃអតីតកាលបណ្តើរ រឹតតែអោយអារម្មណ៍ខ្ញុំភ័យខ្លាចនឹង​អ្វី​ដែល​ខ្ញុំនឹងត្រូវទៅប្រឈមមុខ។ ខ្ញុំបានអង្វរដល់ព្រះថា៖ សូមកុំអោយ​កើត​ឡើង​សារជាថ្មីអោយសោះ ទោះបីព្រះអង្គចង់កាត់អាយុខ្ញុំប៉ុន្មាន​ ក៍ខ្ញុំព្រមដែរ។ ទ្រព្យ​សម្បត្តិទាំងប៉ុន្មានសុទ្ធកើតឡើងពីញឹសឈាមស្រក់ៗរបស់ឪពុកម្តាយខ្ញុំ។ តែសំ​ណាងល្អដែរ ដែលភ្លើងឆេះមិនដល់ផ្ទះខ្ញុំ បើមិនចឹងទេ នោះខ្ញុំនឹងជួបរឿងនេះ​ម្តង​ទៀត! តើអោយខ្ញុំប្រឈមមុខយ៉ាងណា? នេះជាអតីតកាលដែលមិនអាច​បំភ្លេចបាន​ ជាមេរៀនជីវិតដ៍ខ្លោចផ្សារ។ សូមចូលរួមសោកស្តាយអ្នកបាត់បង់​ផ្ទះ​សំបែងទាំង១០០ជាងគ្រួសារ ខ្ញុំយល់អារម្មណ៍អ្នកទាំងអស់គ្នាច្បាស់ណាស់! ចង់មើលរូបភាពសូមចូលទៅកាន់​ http://news.sabay.com.kh/articles/61910

Read Full Post »

មានយុវជនម្នាក់ តាំងពីដើមឡើយមិនដែលធ្វើអី្វបានផលសោះ ហើយគាត់​ពិបាក​ចិត្ត​យ៉ាងខ្លាំង។ គាត់ក៍សំរេចចិត្ត​ទៅសួរ​អ្នកប្រាជ្ញ។ គាត់បានធ្វើដំនើរមកពីចំងាយ ហើយ​ទី​បំផុត​គាត់ក៍បានរកឃើញអ្នក​ប្រាជ្ញម្នាក់ ហើយបានសួរថា៖

-ហេតុអ្វីវាសនាធ្វើចំពោះខ្ញុំអយុត្តិធម៌យ៉ាងនេះ?

អ្នកប្រាជ្ញគាត់មិនបានឆ្លើយតបទេ ហើយគាត់បានរើសដុំថ្មពីលើដីគប់ទៅកន្លែង​ដែល​មានគំនថ្មធំតូចជាច្រើន ហើយនិយាយទៅយុវជននោះថា៖

-ចូរអ្នកទៅរើសដុំថ្មដែលខ្ញុំចោលទៅអំបាញ់មិញ?

យុវជននោះបានចំនាយពេលកន្លះថ្ងៃស្វែងរកថ្មដែលអ្នកប្រាជ្ញចោល តែស្វែងរក​មិនបាន ព្រោះគំនថ្មនោះ មានថ្មធំតូចជាច្រើន ហើយរូបរាងប្រហាក់ប្រហែលគ្នា មិនដឹង​ថា​ថ្មមួយណាដែល​អ្នកប្រាជ្ញ​ចោលនោះទេ។ បន្ទាប់មកទៀត អ្នកប្រាជ្ញ បានដោះ​ចិញ្ចៀនគប់ទៅកន្លែងដដែល ហើយអោយយុវជននោះទៅរើសដដែល​ ។ ម្តងនេះ យុវជននោះមិនបានចំនាយ​កំលាំងច្រើនទេ ក៍រកឃើញចិញ្ចៀនដែល​មានពន្លឺចិញ្ចាចនោះ។

អ្នកប្រាជ្ញមិនបាននិយាយអ្វីទេ យុវជននោះក៍ភ្ញាក់ខ្លួន។

នៅពេលដែលយល់ថា​ខ្លួនឯងជាដុំថ្ម មិនមែនជាដុំមាស សូមកុំបន្ទោស​វាសនាថាអយុត្តិធម៌អោយសោះ!

Read Full Post »

ផេនដា​បាន​បើកបវេសនកាល​ចូលរៀនហើយ អ្នកភូមិទាំងអស់គ្នា​ប្រហែលជាដឹង​ថា​រៀន​ពេទ្យរវល់ណាស់ គ្រាន់​តែចូលថ្ងៃដំបូងភ្លាម​ មេរៀនត្រូវទន្ទេញគរដូចភ្នំ។ ប៉ុន្តែ​នេះ​ជាផ្លូវផេនដា​ជ្រើសរើសដើរ ដូច្នេះផេនដាត្រូវ​តែដើររហូតដល់គោលដៅ ទោះមាន​ឧបសគ្គជាច្រើនយ៉ាងណាក៍ដោយ ក៍ផេនដាត្រូវញញឹម​ជានិច្ច ហើយប្រឈមមុខ​ដោះ​ស្រាយ​ឧបសគ្គទាំងអស់នោះ! ចាប់ពីពេលនេះទៅ ផេនដា​មិនសូវជា​មានពេល​មក​អើតអ្នកភូមិញឹកញាប់ដូចមុនទៀតទេ សង្ឃឹមថា​អ្នកទាំងអស់គ្នានៅតែចង​ចាំ​ប្អូន​ផេនដា​ម្នាក់នេះផង! ផេនដាពិតជា​មានសំណាង​ណាស់​ដែលបានស្គាល់អ្នកទាំងអស់គ្នា! អរគុណអ្នកទាំងអស់គ្នា​ដែល​ផ្តល់ភាព​កក់ក្តៅដល់ផេនដាកន្លងមក ធ្វើអោយ​ផេនដា​យល់ថា​ខ្លួន​មិនមែន​ជាមនុស្ស​ឯកោ​ដូចមុន ហើយព្រមទាំងធ្វើអោយផេនដា​យល់ពីតំលៃនៃជីវិត និង​ចេះវប្បធម៌ចែក​រំលែក។ ផេនដានឹងចងចាំទុកអ្នកទាំងអស់គ្នាទុកក្នុងខួរក្បាល ហើយចង​ចាំនូវ​គ្រប់​រឿងរ៉ាវដែលកើត​ឡើង​ក្នុងភូមិវើតហ្រ្វេស។ ពេល​ខ្លះបើផេនដាប្រើពាក្យពេជន៍​មិន​គប្បី សូមអ្នកភូមិអធ្យាស្រ័យផង! សង្ឃឹមថា​ឆ្នាំថ្មីនេះ អ្នកទាំងអស់គ្នា​ទទួល​បាន​ជោគជ័យគ្រប់ៗគ្នា!

ផេនដាសូមអរគុណម្តងទៀត! អរគុណ! អរគុណ! អរគុណ!

Read Full Post »

អ្នកទាំងអស់គ្នាប្រហែលជាចូលទៅកាន់គេហទំព័ររបស់មិត្ត​ខ្ញុំម្នាក់​ឈ្មោះហ្វីដែល ដែលសំឡាញ់ខ្ញុំធ្លាប់យករឿង តន្រីករព្យ៉ាណូពិការដៃមកនិយាយ។ ថ្ងៃនេះ​ខ្ញុំនឹង​លើកយើងរឿងនេះមកនិយាយម្តងទៀត ក្នុងវគ្គបញ្ចប់។ តើការប្រកួតរបស់ Liu Wei (刘伟) មាន​លទ្ធផលយ៉ាងណាក្នុងកម្មវិធីមួយហៅថា ​China’s Got Talent​ ?

ចុងក្រោយគាត់បានទទួលបានចំនាត់ថ្នាក់លេខមួយ ក្នុងកម្មវិធីChina’s Got Talent។ ការសំដែងចុងក្រោយរបស់គាត់គឺគាត់បានច្រៀង និងលេងព្យាណូ​នូវ​បទ YOU ARE BEAUTIFUL!

ការបង្ហាញខ្លួនរបស់គាត់ក្នុងការប្រកួត​ពិតជាទទួលបានការគាំទ្រពីមនុស្ស​ជាច្រើន​ដែល​បាន​ចូល​រួម​ និងគណៈកម្មាធិការផងដែរ។

Liu Wei (刘伟)ត្រូវបានពិការដៃនៅអាយុ១០ឆ្នាំ។ គាត់រៀនចេះហែលទឹក​នៅ​អាយុ​១២ឆ្នាំ ហើយគាត់ចេះវាយអក្សរកុំព្យូទ័រនៅអាយុ១៦ឆ្នាំ និងរៀន​លេង​ព្យាណូនៅ​អាយុ១៩ឆ្នាំ។ រាល់កិច្ចការដែលប្រើដៃ គាត់បានជំនួសវាដោយ​ប្រើជើង​ទាំងគូរបស់គាត់។ គាត់ជាមនុស្សរស់ពោរពេញដោយក្តីសង្ឃឹម ធ្វើអោយ​មនុស្ស​គ្រប់គ្នា​ដែលមើលឃើញការសំដែងគាត់យល់ពីតំលៃនៃជីវិត។ គាត់ពិតជាមនុស្ស​លើ​មនុស្ស​មែន!

ខ្ញុំបានស្រង់សំដីរបស់គាត់ជាភាសាចិនមកបកប្រែជូនអ្នកទាំងអស់គ្នា​ពិចារណា៖

-ក្នុងជីវិតមានរបស់បីដែលមិនអាចខ្វះបាន គឺ បរិយាកាស ទឹក និង តន្រ្តី!

-ជីវិតគាត់មានតែផ្លូវពីរទេ មួយគឺឆាប់ទៅស្លាប់ និងមួយទៀត រស់ដោយ​មានន័យ!

-មនុស្ស​គ្រប់គ្នាគឺដូចតែគ្នា គ្រាន់តែកើតមក​ពួកគេទំលាប់ប្រើដៃ គ្មានអ្នក​ណា​កំនត់​ថា​មិនអោយប្រើជើងជំនួសដៃទេ។

-មនុស្សប្រុសគួរតែមានការទទួលខុសត្រូវចំពោះក្តីស្រមៃរបស់ខ្លួន! ក្តីស្រមៃរបស់​ខ្ញុំគឺក្លាយជាអ្នកបង្កើតបទភ្លេងដ៍ល្បីឈ្មោះម្នាក់ ខ្ញុំចង់អោយពូកែជាងអ្នកដទៃ ដូច្នេះខ្ញុំត្រូវលំបាកជាងអ្នកដទៃ។ ខិតខំបន្ត ព្រោះខ្ញុំនៅមានជើងដ៍ល្អមួយគូ!

-ខ្ញុំយល់ថាអ្នកមាន​ទេព្យកោសល្យ គឺប្រើប្រាស់វិញ្ញាណរបស់ខ្លួន ប្រើប្រាស់ជីវិត​របស់​ខ្លួន ទៅបកស្រាយជីវិតរបស់គេ។ ខ្ញុំគ្រាន់តែចង់បង្ហាញថា​ អោយអ្នក​ទាំង​អស់គ្នា​ឃើញថា​ ពិភពលោកនេះស្អាតណាស់ គ្រាន់តែមានរឿងមួយចំនួន​មិនគាំចិត្ត តែនេះហើយដែលបញ្ជាក់ថាអនាគតអ្នកភ្លឺស្វាង!

សុំមើលពិភពលោកនេះក្នុងផ្លូវសុទិដ្ឋិនិយម អ្នកនឹងពេញចិត្តវាដូច Liu Wei (刘伟)។

បើមិត្តជាគាត់ តើមិត្តអាចជំនះបានដូចជាគាត់ដែររឺទេ? តើការរស់នៅ​ដោយ​អត់ដៃ ហើយ​ប្រើជើងមកជំនួសវិញ ងាយស្រួលដែររឺតែ?

Read Full Post »

ខ្ញុំបាន​យល់សប្តិ​ឃើញព្រះឥន្ទ៖

ខ្ញុំបានិយាយថា៖ ទូលបង្គំចង់សំភាសន៍ព្រះអង្គ តើព្រះអង្គមានពេលទំនេរទេ?

ព្រះឥន្ទមានបន្ទូលថា៖ ពេលវេលារបស់យើងមិនមានកំនត់ទេ អ្នកមាន​បញ្ហាអី?

ខ្ញុំបានសួរព្រះអង្គថា៖ តើភាពចំលែករបស់មនុស្ស​គឺជាអ្វី?

ព្រះឥន្ទមានបន្ទូលថា៖ ពួកគេបានលះបង់សុខភាពខ្លួនឯងទៅប្តូរយកមាសប្រាក់ ហើយបន្ទាប់មក​ស្រាប់តែលះបង់មាសប្រាក់ដើម្បីព្យាបាលសុខភាពខ្លួនឯង! ចំ​ពោះអនាគត ពួកគេពោរពេញទៅដោយ​ក្តីសង្ឃឹម ប៉ុន្តែពួកគេ​បានបំភ្លេចនូវ​បច្ចុប្បន្នកាល។ ការពិតបើពួកគេមិនរស់នៅក្នុងបច្ចុប្បន្ននេះ ពួកគេ​ក៍មិនអាច​រស់នៅ​ក្នុង​អ​នាគតដែរ។

ខ្ញុំបានសួរបន្ត៖ ព្រះអង្គធ្វើជាចាស់ទុំ តើព្រះអង្គមានអ្វីប្រាប់ទៅកូនចៅព្រះអង្គ​អំពី​បទពិសោធនៃការរស់នៅ?

ព្រះអង្គសើចញញឹមហើយមានបន្ទូលថា៖

  1. ពួកគេគួរតែដឹងថា ក្នុងមួយជីវិតអ្វីដែលមានតំលៃគឺមិនមែនសំដៅលើ​វត្ថុ​នោះទេ តែសំដៅលើមនុស្ស។
  2. ពួកគេគួរតែដឹងថា សេដ្ឋីមិនមែនមានអ្វីច្រើនទេ តែត្រូវ​ការតិចបំផុត។
  3. ពួកគេគួរតែដឹងថា យើងអាច​ប្រើរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះដើម្បី​ធ្វើ​អោយមនុស្ស​ដែលយើងស្រលាញ់ឈឺចាប់ ប៉ុន្តែយើងត្រូវ​ប្រើរយៈច្រើន​ឆ្នាំ​ដើម្បី​ព្យាបាលវាវិញ។
  4. ពួកគេគួរតែដឹងថា មាសប្រាក់អាចទិញវត្ថុគ្រប់បែបយ៉ាង តែមិនអាច ទិញ សុភមង្គល បានទេ។
  5. ពួកគេគួរតែដឹងថា មនុស្សពីរនាក់មើលវត្ថុតែមួយ តែយល់ផ្សេងគ្នាចំពោះ​វត្ថុនោះ។
  6. ពួកគេគួរតែដឹងថា ទទួលចិត្តទូលាយពីអ្នកដទៃមិនគ្រប់គ្រាន់ទេ គឺត្រូវ​ចិត្ត​ទូលាយចំពោះខ្លួនឯងដែរ។
  7. ពួកគេគួរតែដឹងថា ពួកគេមិនត្រូវធ្វើបាបអ្នកដទៃបានទេ តែអ្វីៗដែលពួកគេ​ធ្វើ ដើម្បីទទួល​បានក្តីស្រលាញ់ពីអ្នកដទៃ។

Read Full Post »

Older Posts »