Feeds:
ប្រកាស
មតិ

Archive for ខែ​មេសា, 2011

(អរគុណបងខ្មែរសច្ចៈដែលបានតាក់តែងកំនាព្យជូនពរមួយនេះឡើង)

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ​ខ្មែរ ផេនដាសូមឆ្លៀតយក​ឱកាសដ៍សែន​រីករាយនេះជូនពរដល់អ្នកភូមិវើតហ្វ្រេស ហ្វេសប៊ុក និង​ប្រជាជនខ្មែរលើសកលលោក អោយជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន ជាពិសេសជួបតែពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ​កុំបីឃ្លានឃ្លាតឡើយ!​ ដើម្បីជាចំនងដៃ ផេនដាបានណែនាំនូវល្បែងប្រជាប្រិយមួយប្រភេទ អោយអ្នកទាំងអស់គ្នាស្គាល់ នោះគឺល្បែងឈូងគៀប!

របៀបលេង៖

ល្បែក​ឈូកគៀប​មិនខុសគ្នាពីល្បែក​ឈូង​ដទៃ​ទៀត​ ដែលគេ​និយម​ចូលចិត្ត​លេង​នោះទេ ដូចជា​ល្បែង​ ឈូកច្រៀងរាំ អ្នកចាញ់​ត្រូវរាំ​ទៅកាន់​ខាងអ្នកឈ្នះ​ វីឯ​ល្បែង​ ឈូងលោះខ្ញុំ ប្រសិន​បើខាង​នារី ចោល​ឈូង​ចំបុរស​ណាម្នាក់​ បុរសម្នាក់​នោះ​នឹងត្រូវ​ចាប់​អោយ​មក​ខាង​នារី ប៉ុ​ន្តែ​បើខាង​បុរស​ចោលឈូង​ចំ​ខាង​នារីវិញ​ ខាង​បុរស​មានសិទ្ធិ​ចាប់​យកនារី​ម្នាក់ ដែល​ខ្លួន​ចោលឈូង​ចំ​មក​ខាង​បុរសវិញ។​ ចំពោះ​ឈូង​គៀបវិញ​ យើង​ខ្ញុំ​សូម​លើក​យក​ពីដើម​ដំបូង​នៃ​ការលេង ល្បែងឈូង​ រឺល្បែងឈូងគៀប ជាដំបូង​ខាង​បុរស​គេ​ផ្តើម​ច្រៀង​មួយ​ទំនុកជាមុន​ ឯទំនុកច្រៀង​ឈូង​មាន​ច្រើន​បែបប្លែកៗទៅតាម​ចំនង់ចំនូល​ចិត្តរបស់អ្នក​នាំច្រៀង និងតាមស្រុក។​ បើខាងនារី​ច្រៀងចប់​គេស្រែកថា ឈូងអើយ! ឈូង! ហើយអ្នក​ផ្តើម​ទំនុក​ក៍បោះ​ឈូងទៅ​ខាងបុរស​ ខាងបុរស​ចាប់បាន​ឈូង គេចោលសំដៅ​ទៅរក​នារី​ម្នាក់​ដែលគេ​ស្ម័គ្រ​ បើចោល​ត្រូវនារីណាបុរស​នោះ​នឹងកាន់​ឈើគៀប (ឈើនោះ​អាច​ជាមែកឈើ​រលូង​តូចល្មមទំហំ​២ ទៅ​ ៣ សង់ទីម៉ែត្រ​ ប្រវែង​ប្រហែល​ចង្កឹះ) ទៅគៀបដៃ​ម្ខាងរបស់នារីនោះ ហើយនាំមក​កាន់ខាង​គេដើម្បីសួរសំនួរដែលគេចង់សួរ។ ភាគច្រើន​នៃអ្នកលេង​គេចូលចិត្ត​សួរសំនួរផ្តោះផ្តង​ សាសងរកគ្នា​ដូចជា​ តើអ្នកឈ្មោះអ្វី? មានសង្សាររឺនៅ? តើអ្នកស្រលាញ់ខ្ញុំទេ? ប្រសិនបើខាងបុរស​នោះសួរសំនួរហើយ​ខាង​នារី មិនឆ្លើយ រឺក៍ឆ្លើយទេ រឺខាងនារីឆ្លើយនូវចំលើយ​ដែលខាងបុរស​ដឹងថាជាចំលើយមិនពិត ខាងបុរស​នឹងគៀបដៃ​ខាងនារី​នោះកាន់តែ​ខ្លាំងឡើងៗ ដូច្នេះខាងនារី​ត្រូវ​ឆ្លើយការពិត ទើបខាងបុរស​បន្ធូរ​ការគៀបដៃ រឺលែងអោយ​ទៅខាងនារីវិញ។ ករណីដែល​ខាងបុរស​ចោលមិនត្រូវ ​ហើយខាងនារី​ចាប់បាន​ខាងនារីអាច​ចោលសំដៅ​មករកបុរសណាដែលខ្លួនពេញចិត្តវិញ ហើយ​បើ​ខាងស្រី​ចោល​ត្រូវ​បុរស​ណាម្នាក់នោះ​នឹងត្រូវគៀប ដៃម្ខាងមកកាន់​ខាងនារីដើម្បីសួរ រឺក៍ខាងនារី​មានសិទ្ធិលោះ​យកមិត្តភក្តិ ដែលត្រូវខាងបុរសគៀបយកទៅនោះមកវិញ។​ តែបើខាងនារីចោលមិនត្រូវខាងបុរសវិញទេ សមាជិក​ខាងនារីដែល​ត្រូវគេគៀបនោះ​ត្រូវនៅខាងបុរសដដែល​។ បើខាង​ណា​ប៉ិនប្រសប់​គេចោល​យក​ខាងម្ខាង​ទៀតទាល់តែអស់ ហើយកាលណាម្ខាងអស់គ្នាហើយ គេចាប់ផ្តើម​លេង​សារជាថ្មីដោយ​អោយ​ខាង​បុរស​ច្រៀងបោះ​ឈូង​ទៅ​អោយ​នារី​មុនវិញម្តង។ ស្ថិតនៅចំងាយប្រហែល​១៨គីឡូម៉ែត្រ​ប៉ុណ្ណោះពីទីក្រុងភ្នំពេញ យើងនឹងអាច​ទៅចូលរួម​លេងល្បែងឈូងគៀបក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី​ជាតិខាងមុខនេះបាន​ជាមួយបងប្អូនប្រជាជនភូមិ គោករមៀត ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល ដែលពួកគាត់​តែងតែ​និយម​លេង​ល្បែង​ឈូងគៀបនេះ ជារៀងរាល់ឆ្នាំ៕

Read Full Post »