Feeds:
ប្រកាស
មតិ

Archive for ខែ​ឧសភា, 2011

Read Full Post »

នេះជារឿង​ស្នេហាដែល​ធ្វើអោយ​មនុស្ស​រាប់ម៉ឺន​នាក់ស្រក់ទឹកភ្នែក!

ពេលព្រឹកភ្លៀងព្រលឹម​ស្រិចៗ ផ្ទៃមេឃពណ៌ខៀវ មានគូស្នេហ៍ត្រចៀកកាំមួយគូ កំពុង​ហោះ​ត្រសង តាមផ្លូវនៅទីក្រុង! ស្រាប់តែពេល​នោះ ត្រចៀកកាំញី​ក៍ហោះចុះ​ទាប​មក​លើដី តែជាអកុសល ស្រាប់តែឡានមួយមក​បុកត្រចៀកកាំញីអោយ ខ្ទាច​ធ្លាក់មក​លើដី ភ្នែកសំលឹងទៅត្រចៀកកាំឈ្មោល ទាំងព្រិលស្រវាំង! ត្រចៀកកាំឈ្មោល​ហោះ​ទៅជិត​សង្សារសំណព្វចិត្ត ស្រែកហៅឈ្មោះអូនសំឡាញ់​បណ្តូលចិត្តខ្លួន។ បន្ទាប់មកវា​ក៍បានយក​ចំនីមក​បញ្ចុក​ត្រចៀកកាំញីទាំង​ចំពុះញ័រ​ទទ្រឹត! ព្រោះក្នុងចិត្តសង្ឃឹមថា​ចំនីនឹងអាច​អោយអ្នក​ដែលខ្លួន​ស្រលាញ់រស់​ឡើងវិញ! ស្រាប់តែមានឡាន​មួយបើកឆ្លងកាត់ ត្រចៀកកាំឈ្មោលក៍ហោះ​ឡើងលើ រួចក៍ចុះមកម្តងទៀត នៅពេលដែលឡានបើកហួសទៅ។ ស្រាប់តែពេល​នោះ វាបានឃើញក្បាលសង្សារខ្លួនធ្លាក់ដល់ដី។ វាវង្វេងវង្វាន់អស់ហើយ មិនដឹងធ្វើ​យ៉ាងណា​ ក៍យកជើងនិងស្លាបទៅអង្រួនសង្សារអោយដឹងខ្លួន។ ម្តង ពីរដង បី បួន…….សង្សារនៅតែមិនដឹងខ្លួន! ឡានជាច្រើន​កំពុង​បើកទៅបើក​មក មនុស្ស​ជាច្រើនកំពុងសំលឹងមើលគួស្នេហ៍ទាំងពីរទាំងទឹកភ្នែកស្រក់ចុះគួរអោយ​ខ្លោចផ្សារ តែត្រចៀកកាំឈ្មោលមិនខ្វល់អ្វីទាំងអស់ គិតតែពីអង្រួនសង្សារខ្លួន​អោយ​ងើបឡើង ដើម្បីសាងស្នេហ៍ខ្លួនអោយដល់ត្រើយ! ភ្លាមៗនោះ ស្រាប់តែឡាន​មួយបើ​ក​មក​បុក​ត្រចៀកកាំឈ្មោល តែវាមិនទាន់ស្លាប់ ប្រឹងងើបទាំងត្រដរជីវិត ទៅរកសង្សារដែលខ្លួនស្រលាញ់បំផុត! វាខំស្រែកទាំងសម្រែកឈឺចាប់ ឈាមកំពុងហូរក្នុងបេះដូង! ឱព្រហ្មលិខិត មេ្តច​ក៍ដាច់ធម្មតាម្លេះ! វានៅតែមិនជឿថា សង្សារខ្លួនយក​វិធីនេះ​មក​ដើម្បីបែកគ្នា?

“សង្សារសំណព្វទៅបាត់ហើយ ភ្លើងយមរាជឆាបឆក់យកជីវិតអូនទៅហើយ បន្សល់តែ​បងដែលរស់លើលោកតែម្នាក់ឯង តើមានន័យអ្វី​? អូនដាច់ចិត្តម្លេះ ងើបឡើងអូន បងឈឺចាប់ណាស់!​ ”

សំលេងវារិតតែខ្សោយទៅៗ វានឹកស្រមៃការរស់នៅប្រឡែងគ្នាទាំងយប់ទាំងថ្ងៃ មានសុខរួមសុខ មានទុក្ខរួមទុក្ខ រាល់ល្ងាច​តែងហោះទៅផ្ទះជាមួយគ្នា! គ្មានអ្វី​ដែល​អាចជំនួសសង្សារគេបានទេ ជាពិសេសស្នេហារញ្ជួយមេឃរបស់ពួកគេ!

( ត្រចៀកកាំញីត្រូវរបួស)

(ត្រចៀកកាំឈ្មោលបានចុះមកមើលសង្សារសំណព្វព្រមទាំង​ពាំយកចំនី និងក្តីស្រលាញ់ចុះមក​ជាមួយ)

(សង្សារសំណព្វចិត្តទៅចោលខ្លួនជារៀងរហូតហើយ)

( សម្រែកឈឺចាប់របស់បង ដឹងខ្លួនឡើងអូន!)

(ក្តីឈឺចាប់របស់បង អូនលឺអត់?​)

(អូនដាច់ចិត្តម្លេះ អូនបែកបងហើយ! )

😥

Read Full Post »

សួស្តីអ្នកភូមិទាំងអស់គ្នា ជិតដល់ថ្ងៃម្តាយហើយ ដូច្នេះផេនដាក៍បានសំរេច​ចិត្តសរសេរ​អត្ថបទមួយដែល​ទាក់​ទងគុណម្តាយ និងគុណឪពុក​ ដាក់ចូលរួម​ការប្រកួត​អត្ថបទរបស់​ Sabay! សូមជួយរិះគន់ផង!

“ម៉ែឪមានគុណ គុណមានទម្ងន់ គុណដូចប្រឹថពី គ្មានអ្វីនឹងសង គុណលោកទាំងពីរ មាសប៉ុនគីរី ថ្លៃពុំស្មើហោង…។” តើអ្នកទាំងអស់គ្នាមានចាំ កំណាព្យមួយឃ្លានេះដែរឬទេ? ប្រហែលជាកំណាព្យមួយឃ្លានេះបានឆ្លាក់ជាប់ក្នុងក្រអៅបេះដូងរបស់កូនគ្រប់ៗគ្នារួចទៅហើយ។
ម្តាយខិតខំថែរក្សាតាំងពីយើងគ្រប់គ្នានៅក្នុងឧទរ ខិតខំរក្សាសុខភាព ទាំងយប់ទាំងថ្ងៃ តម​ចំ​ណីអាហារ តមនេះតមនោះមិនចេះចប់ ស៊ូ​ទ្រាំ​លំ​បាក​គ្រប់​បែប​យ៉ាង​អស់​រយៈ​ពេល​៩​ខែ​ដប់​ថ្ងៃ។ ប្រសូតមកហើយ សុខភាពទន់ខ្សោយ ខិតខំបំប៉នស្មារតី និងសុខភាពខ្លួន ដើម្បី​ផ្តល់​ទឹកដោះពេជ្រដល់កូនគ្រប់គ្នាដើម្បីឲ្យរស់រានមានជីវិត ប្រកបដោយសុខភាពល្អ។ មិន​តែ​ប៉ុណ្ណោះ អ្នកម្តាយបានបូជាគ្រប់បែបយ៉ាង ទាំងការអត់ធ្មត់ ការព្យាយាម និង​ផ្តល់​ក្តី​ស្រ​ឡាញ់​ដ៍សែនកក់ក្តៅលើទ្រូងម្តាយដែលគ្មានអ្នកណាអាចប្រៀបបាន។ ចំណែកឪពុក ខិត​ខំ​ប្រកប​របរកស៊ី ដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ មិនថាភ្លៀងធ្លាក់ មិន​ថា​ក្តៅ​ហួត​ហែង​យ៉ាង​ណា​ទេ សុទ្ធចិត្តខំត្រដរជីវិតរកប្រាក់ ដើម្បី​ចិញ្ចឹម​កូន​ឲ្យ​ពេញ​រូប​ពេញ​រាង​ដោយ​សង្ឃឹម​ថា​កូន​ធំឡើង បំពេញភារកិច្ចជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អជូនសង្គមជាតិ។ ជា​ពិសេស​ អំឡុងពេលដែលយើងនៅជាទារក និងម្តាយនៅមានសុខភាពទន់ខ្សោយ ឪពុក​បាន​រ៉ាប់រងការងារទាំងតូចទាំងធំនៅក្នុងផ្ទះទាំងអស់ មិនដែលត្អូញត្អែរមួយម៉ាត់ឡើយ ក៍​ព្រោះ​តែស្នាមញញឹមយើង តែងបានផ្តល់នៅ កម្លាំងចិត្តជូនគាត់គ្រប់ពេលវេលា។
លុះ​ដ​ល់ពេលពេញរូបពេញរាងហើយ លោក​ទាំង​ពីរ​បាន​ខិត​ខំ​រក​ប្រាក់​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ការ​រៀនសូត្រ មធ្យោបាយផ្សេងៗ ការហូបចុក និងសេវាសង្គមគ្រប់បែបយ៉ាង។ ពិសេស លោក​ទាំងពីរតែងនៅក្រោយខ្នងយើង ផ្តល់កម្លាំងចិត្ត កម្លាំងកាយ និង​បូជា​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យយើងមានជោគជ័យក្នុងជីវិត។ ពេលដែលកូនទទួលបាន ជោគជ័យ ផ្ទៃ​មុខ​អ្នក​មាន​គុណ​ទាំងពីរប្រៀបបាននឹងផ្ការីកដែលត្រូវទឹកសន្សើមនាពេលព្រឹកព្រលឹម តែ​ទោះ​កូន​មិន​បាន​ទទួលជោគជ័យ ផ្ទៃ​មុខ​លោក​ទាំង​ពីរ​នៅ​តែបញ្ចេញ​ស្នាម​ញញឹម​ផ្តល់នូវ​ក្តីសង្ឃឹម​ដល់​កូន​ជានិច្ច។ ជាពិសេស លោកទាំងពីរតែងមានព្រហ្មវិហារធម៌ជានិច្ចចំពោះកូន ពោល​គឺ​ប្រ​កប​​ដោយ មេត្តា ករុណា មុទិតា និងឧបេក្ខាជានិច្ច។
តែ​អ្វី​ដែលកើតឡើងនោះ ឈាមក្រហមឆ្អៅរបស់អ្នកមានគុណនៅតែហូរឥតប្រយោជន៍ ទឹក​ភ្នែក​ភ្លឺដូចពេជ្រពណ្ណរាយនៅតែស្រក់ចុះ តើហេតុអ្វីទៅ? តើ​កូនគ្រប់គ្នា​ធ្លាប់ពិចារណា​ដែរ​ឬ​ទេ?
ទង្វើមិនចូលរៀន ដើរប៉ោឡែក្នុងសង្គម រាប់អានក្មេងទំនើង ប្រើប្រាស់គ្រឿងញៀន ដើរ​បង្ក​ហេតុ​ក្នុងសង្គម បំផ្លាញកិត្តិយសគ្រួសារ យកញើស ឈាម និងទឹកភ្នែករបស់​អ្នកមានគុណ​មក​ជាន់ឈ្លីដោយគ្មានក្តីស្រណោះអាសូរបន្តិចឡើយ និងបំផ្លាញរាល់​ក្តីសង្ឃឹម​របស់​លោក​ទាំង​ពីរដែលមានចំពោះយើង។ តើនេះឬជាការតបស្នងសងគុណ? គប្បីមិត្តយុវវ័យ​គិត​ឡើង​វិញ​រាល់ទង្វើដែលខ្លួនបានប្រព្រឹត្ត។ តើ​ការលះបង់​របស់អ្នកមាន​គុណគឺដើម្បី​ជាគុណ​ប្រយោជន៍​ខ្លួនគាត់ ឬជាគុណប្រយោជន៍របស់អ្នកណា? គឺមិនមែនដើម្បីយើងទេ ឬ?
មនុស្សអាចបង្កើតយន្តហោះសម្រាប់ហោះឆ្លងកាត់មហាសមុទ្រ ប៉ុន្តែ​មនុស្ស​មិនអាច​បង្កើត​អ្វី​​ដើម្បី​ហោះឆ្លងកាត់សមុទ្រទឹកភ្នែកអ្នកមានគុណបានឡើយ។ យើង​ត្រូវ​ថែរក្សា​របស់នៅ​ចំពោះ​មុខ​ កុំឲ្យដល់ពេលបាត់បង់ ទើបដឹងថា មានតម្លៃ នោះគ្មានប្រយោជន៍អ្វីទៀតទេ ។ ប្រៀប​ដូចសុភាសិតខ្មែរឃ្លាមួយពោលថា “ ធ្វើបុណ្យឲ្យទាន់ខែភ្លឺ “ ៕

បើបងប្អូនពេញចិត្ត ជួយមេត្តាបោះឆ្នោតអោយផេនដាផងដោយវិធីពីរយ៉ាង៖

  1. ចូលទៅកាន់ http://news.sabay.com.kh/articles/94349 ដើម្បីធ្វើការ Like ដោយគ្រាន់តែបំពេញលេខទូរសព្ទ។
  2. ផ្ញើសារតាមរយៈទូរសព្ទ ដោយគ្រាន់តែ សូម​ចូល​ទៅ​កាន់​ Write Message វាយ​អក្សរ​ sw 94349 រួច​ផ្ញើ​ទៅ​កាន់ 7222 នោះជាការស្រេច!

ជួយផ្ញើអោយច្រើនៗផង! ហិហិហិ ! អរគុណ!

Read Full Post »