Feeds:
ប្រកាស
មតិ

Archive for ខែមករា, 2012

អរគុណអ្នកម្តាយដែលបានបង្កើត​ខ្ញុំ​ម​ក​អោយ​ឃើញ​ពិភពលោក​មួយដែល​ស្រស់បំព្រង ឆើតឆាយដោយសម្រស់ធម្មជាតិ។ កុមារភាព​គឺជារឿងដែល​ខ្ញុំមិនអាចបំភ្លេចបាន​ ហើយក៍​ជាពេល​សប្បាយជាងពេលណាៗទាំងអស់​ក្នុងជិវិត​ខ្ញុំ។ ផ្លូវជិតកាន់តែដើរ កាន់តែហត់នឿយ កាន់​តែយល់​ថាឯការ កាន់តែយល់ថាលំបាក សំលឹងទៅមុខទាំងគ្មានកោះត្រើយ។ អនាគត​ជារឿងមើលមិនឃើញ បានត្រឹមដាក់ប្រស្នាដល់មនុស្ស ធ្វើអោយមនុស្សខិតខំស្វែងរកចំលើយ និងជាអ្នកកំណត់ចំលើយដោយខ្លួនឯង។ សំលេងសើចក្អាកក្អាយ បានត្រឹមជាទិដ្ឋភាពមួយ​បន្លំ​នូវទិដ្ឋភាពដ៍សែនឈឺចាប់ក្នុងទ្រូង ដែល​មិនអាចពណ៌នាបាន ព្រោះវាបានកប់ជ្រៅក្នុង​ចិត្ត ដែល​លំបាកនឹងជីកគាស់កកាយចេញមក។ វាបានត្រឹមតែធ្វើ​អោយ​មនុស្ស​ប្រុសម្នាក់ យល់ថា​តឹងទ្រូង ចង់ស្រែក ចង់ស្លាប់ ចង់រត់ទៅអោយឆ្ងាយ ហើយស្រែករហូតដល់ស្លាប់ ស្រែករហូត​យល់ថាខ្លួនលែងមានទុក្ខព្រួយ ហើយរស់នៅពិភពនោះតែម្នាក់ឯង ដោយមិន​ចង់​ខ្វល់ពីអ្នក​ណា និងបញ្ហាទាំងឡាយក្នុងជីវិត។ ជីវិតគេប្រៀបបាននឹងកំណាត់ឈើ អណ្តែតគ្មានថ្ងៃសំចត និងគ្មានគោលដៅ។ គេតែងជាមនុស្សបែបផែនឬស្សី ដែលដុះមែកច្រូងច្រាង ប្រៀបបាន​នឹងមានបញ្ហាមិនចេះចប់។ ក្នុងគ្រួសារ គេបានត្រឹមជាកូនល្អ ជាកូនម្នាក់ដែល​គ្មានទុក្ខព្រួយ ប្រើស្បែកមុខក្លែងក្លាយបន្លំភាពពិត ស្នាមញញឹមបន្លំទុក្ខា ក្នុងគោលបំនងមួយ ចង់អោយមនុស្សក្នុងគ្រួសារ សប្បាយចិត្ត កុំអោយអ្នកក្នុងគ្រួសារខ្វល់ពីខ្លួន ព្រោះខ្លួនយល់ថា មិនគួរថែមបន្ទុកមួយទៀត​ដល់អ្នកមានគុណទាំងទ្វេនោះទេ គួរធ្វើជាសសរមួយដែលទ្រផ្ទះទាំងថ្ងៃទាំងយប់ មិនថាភ្លៀង រឺខ្យល់បក់យ៉ាងណា ត្រូវប្រឹងឈរទប់ទល់ផ្ទះមួយដែលនៅឋិតឋេរ ជាម្លប់ដល់គ្រួសារទាំងមូល​។​ គេគ្រាន់តែចង់​បានគ្រួសារសមញ្ញមួយប៉ុណ្ណោះ មួយថ្ងៃៗនៅជុំគ្នា ញ៉ាំអាហារជុំគ្នា សើចសប្បាយជុំគ្នា ដើរកំសាន្តជាមួយគ្នា តែនេះគ្រាន់តែជាសុបិនពេលគេងដែលគេ​តែងស្រមៃចង់បានប៉ុណ្ណោះ។ គេពិតជាចង់បានបងប្រុសម្នាក់ដែលគេងជាមួយគ្នា ជជែកគ្នា ប្រលែងគ្នា ផ្លាស់ប្តូរយោបល់​គ្នា ចែករំលែកនូវបញ្ហា គ្រួសារ ស្នេហា មិត្តភក្តិ និងការសិក្សា។ តែអ្វីដែលទទួលបាន​ បានត្រឹមនិយាយជាវត្ថុគ្មានវិញ្ញាណទៅវិញ។ នៅសាលារៀន គេគ្រាន់​តែ​ចង់បំពេញភារកិច្ច ដើម្បីកុំអោយមាតាបិតាពិបាកចិត្តតែប៉ុណ្ណោះ ព្រោះគេរើស​មុខវិជ្ជាមួយ​ទាំងគេមិនដឹងថាខុសរឺត្រូវ ទាំងមិនដឹងខ្លួនគេចូលចិត្តរឺអត់ ព្រោះសូម្បីតែខ្លួនគេជាអ្នកណា​ ក៍គេស្គាល់មិនច្បាស់ដែរ។ តើរៀនវាដើម្បីអ្វី? សំនួរជាច្រើនតែងលិចចេញ​នៅក្នុងខួរក្បាល​មួយដែលពោរពេញដោយបញ្ហាមិនចេះចប់។ ពាក់កណ្តាល់យប់ ងើបឡើង តែងសួរខ្លួនឯង​ថាតើខ្លួនរស់នៅដើម្បីអ្វី? តើខ្លួនជាអ្នកណា? តើខ្លួនកំពុងតែយល់សប្តិរឺ? ពេលសួរខ្លួនឯងហើយ​ រួចក៍បិទភ្នែករហូតដល់មេឃភ្លឺ ទាំងមិនដឹងចំលើយ។ ណ្ហើយៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ! និយាយអោយត្រង់ទៅ គេគឺជាខ្ញុំ។ បើអាចរើស សុំកុំកើតលើពិភពលោកនេះអី! ពិភពលោកដែលពោរពេញដោយការច្រណែន ការឈ្នានីស ការចង់​ឈ្នះ ហើយយកលុយជាចៅហ្វាយនេះ តើខ្ញុំគួរតែរស់នៅដើម្បីវាដែរមែនទេ? ខ្ញុំស្អប់ខ្លួនឯង​ណាស់។ នេះគ្រាន់តែជាចំនែកតូចមួយនូវកង្វល់ដែលមានក្នុងចិត្តខ្ញុំ សុំទោសដែលអោយ​អ្នកទាំងអស់គ្នាអានហើយមានអារម្មណ៍មិនល្អជាមួយនឹងខ្ញុំ! សុំទោសៗៗៗៗៗ!

Read Full Post »

នេះជាចំនងដៃថ្ងៃចូលឆ្នាំចិន​ពីផេនដា​ទៅកាន់ប្រិយមិត្តទាំងអស់គ្នា! កុំភ្លេចអោយ​អាំងប៉ោដល់ផេនដាវិញណា! ហាសហា!

រឿងនោះដំនាលថា៖

មនុស្សម្នាក់រវល់ធ្វើការដល់រដូវរងារកន្លងផុត ទីបំផុតគាត់ក៍បានច្បាប់ឈប់សំរាក​ពីរអាទិត្យ​ គាត់បានរៀបគំរោងទុកជាមុន ថានឹងទៅទេសចរជាមួយមិត្តភក្តិដើម្បីលំហែកាយ។

ពេលបញ្ចប់ការងារ គាត់ក៍បានទៅផ្ទះរៀបចំវ៉ាលី។ ថ្ងៃស្អែកពេលព្រឹកគាត់ក៍បាន​ចេញដំនើរ ហើយគាត់បានទូរស័ព្ទទៅម្តាយគាត់ ប្រាប់ពីដំនើររបស់គាត់។ ម្តាយគាត់បានសួរគាត់៖

+តើកូននឹងឆ្លងកាត់ផ្ទះយើងមែនទេ? ចឹងកូនចូលលេងម៉ាក់ផង ម៉ាក់ចង់ឃើញកូន ព្រោះនឹកកូនណាស់!

-ម៉ាក់ កូនក៍ចង់ទៅមើលម៉ាក់ដែរ តែកូនប្រញ៉ាប់ធ្វើដំនើរ ព្រោះណាត់ពេលវេលា​ជាមួយមិត្តភក្តិហើយ!

នៅពេលដែលគាត់កំពុងធ្វើដំនើរតាមផ្លូវ គាត់ស្រាប់តែនឹកឃើញ​ថា​ថ្ងៃនេះជា​ថ្ងៃកំណើត​របស់ម្តាយគាត់ រួចគាត់ក៍ទៅឈប់នៅហាងផ្កាមួយនៅខាងមុខផ្លូវ គឺក្នុងបំនងទិញផ្កា រួចអោយម្ចាស់ហាងបញ្ជូនទៅផ្ទះម្តាយគាត់។ គាត់ដឹង​ថាម្តាយគាត់​ចូលចិត្តផ្កាណាស់!

ក្នុងហាងផ្កាមានក្មេងម្នាក់ វារើសយកផ្កាកូលាបមួយទង រួចកំពុងរាប់លុយ តែគេធ្វើមុខចំលែក ព្រោះតែវាមានលុយមិនគ្រប់! បុរសនោះបានសួរក្មេងនោះ៖

+ប្អូនយកផ្កាមួយទងនេះទៅធ្វើអ្វី?

+បាទបង! ខ្ញុំយកទៅអោយម្តាយខ្ញុំ ក្នុងឱកាសថ្ងៃខួបកំណើតគាត់។​

គាត់បានដកលុយគាត់ ទៅបង្រ្គប់លុយក្មេងនោះ រួចក្មេងសប្បាយរីករាយនិយាយថា៖

+អរគុណបង ម្តាយខ្ញុំម្ចាស់ជាសប្បាយរីករាយ។

+ មិនអីទេ ថ្ងៃនេះក៍ជាថ្ងៃខួបកំណើតម្តាយបងដែរ។

ក្មេងប្រុសនោះក៍បានចាកចេញ។ បុរសនោះបានរើសផ្កាជាច្រើនប្រភេទ រួចកត់អស័យដ្ឋានទៅអោយ​ម្ចាស់ហាង ដើម្បីបញ្ជូនទៅ រួចគាត់ក៍ចាកចេញទៅ។
គាត់ធ្វើដំនើរមួយសន្ទុះ ស្រាប់តែឃើញក្មេងប្រុសនោះ គាត់ក៍បាន​ឈប់​ឡាន​រួចឃើញក្មេងនោះ​លត់ជង្គង់នៅមុខផ្នូរសពមួយ រួចដាក់ផ្កាកូលាបនៅទីនោះ។ ក្មេង​ប្រុស​នោះ​ឃើញគាត់ ក៍និយាយ៖

+បង ម៉ាក់ខ្ញុំស្រលាញ់ផ្កាដែរខ្ញុំទិញអោយគាត់ណាស់ អរគុណបងហើយ!

ពេលនោះគាត់ក៍បើកឡានត្រលប់ថយក្រោយ ទៅកាន់ហាងផ្កានោះ រួចសួរម្ចាស់ហាងថា​៖

+តើផ្កាដែលខ្ញុំបានទិញ បញ្ជូនទៅនៅ?

+ចាស៎! នៅទេ!

+ចឹងមិនបាច់រំខានអ្នកទេ ខ្ញុំបញ្ជូនវាទៅដោយខ្លួនឯង។

ក្នុងឱកាសចូលឆ្នាំចិននេះ រឺពេលមានទំនេរពីការងារ សង្ឃឹមថាកូនចៅទាំងអស់ត្រលប់ទៅមើលអ្នក​មានគុណទាំងពីរ ដែលគាត់​នៅស្រុក​ដែលគាត់កំពុងទន្ទឹងចាំផ្លូវ​យើងទាំងអស់គ្នា!

គ្មានម្ហូបបាយឯណា ឆ្ងាញ់ជាម្ហូបបាយនៅផ្ទះទេ! ហើយក៍គ្មានទីណា ដែលកក់ក្តៅជាងផ្ទះយើងនោះដែរ!

Read Full Post »

អ្នកម្តាយ!

កាំរស្មីព្រះអាទិត្យ​បាន​ចែងចាំងចូលក្នុងបន្ទប់មួយដែលមានមនុស្សប្រុសម្នាក់ដែលសន្លប់លើគ្រែមួយ ព្រមទាំងមានមនុស្សស្រីម្នាក់មើលថែរក្សា។ ស្រាប់តែពេលនោះមនុស្សស្រីនោះបានស្រែក៖

-ដប់ឆ្នាំ! ដប់ឆ្នាំហើយ! ទីបំផុតអ្នកដឹងខ្លួនហើយ….

-ដប់? ដប់ឆ្នាំស្អី? ខ្ញុំ……………….

កំលោះនោះដឹងខ្លួនឡើងទាំងមិនដឹងអ្វីទាំងអស់ ក្នុងខួរក្បាលគឺសស្អាតគ្មានចាំអ្វីទាំងអស់។ គាត់​បាន​សំលឹងមើលស្រ្តីនោះ គិតក្នុងចិត្តថា គាត់ច្បាស់ជាម្តាយរបស់គាត់ រួចគាត់ក៍និយាយ៖

-អ្នកច្បាស់ជាម្តាយរបស់ខ្ញុំ​។

ស្រ្តីនោះបានងាកខ្លួនចេញបន្តិច រួចក៍ងាកមកវិញ សំលឹងទៅគាត់ដោយពោរពេញដោយក្តីស្រលាញ់ រួចនិយាយ៖ ត្រឹមត្រូវហើយ នេះគឺម៉ាក់ គ្រូពេទ្យបា្រប់ម៉ាក់ថា កូននឹងភ្លេចការចងចាំ តែកូននៅចងចាំ​ម៉ាក់បាន ម៉ាក់ពិតជាសប្បាយចិត្តណាស់។ កូនព្រោះតែជួយគេ ក៍ត្រូវគេវាយអោយសន្លប់អស់​រយៈពេល​ដប់ឆ្នាំ ហើយឪពុកកូនបានចែកឋានហើយ នៅតែម៉ាក់តែជាអ្នកធ្វើការផ្គត់ផ្គង់ក្នុងគ្រួសារនេះ។

ពីរឆ្នាំកន្លងផុត កំលោះនោះក៍បានរកការងារល្អមួយ ហើយរកបានមនុស្សដែលខ្លួនស្រលាញ់ រួចក៍រៀបការ។ នៅព្រឹកថ្ងៃទីពីរបន្ទាប់ពីថ្ងៃរៀបការ អ្នកទាំងពីរប្រុងទៅចាក់ទឹកតែអោយអ្នកម្តាយ  តែពេល​ទៅបន្ទប់អ្នក​ម្តាយ​ ក៍មិនឃើញគាត់ ឃើញត្រឹមសំបុត្រមួយបន្សល់ទុក៖

-ខ្ញុំមិនមែនជាអ្នកម្តាយរបស់អ្នកទេ ១២ឆ្នាំមុន ឪពុកម្តាយអ្នកព្រោះតែពិបាកចិត្តពេកក៍ចែកឋានទៅ ហើយអ្នកគ្មានញាតសន្តាន ខ្ញុំក៍នាំអ្នកមកទីក្រុងនេះ សង្ឃឹមនឹងមានអព្ភូតហេតុកើតឡើង។ ដប់ពីរឆ្នាំហើយ យុវភាពខ្ញុំក៍បាត់បង់ដែរ។ មានមនុស្សនិយាយថា ស្នេហាយូរទៅនឹងក្លាយជាញាតសន្តាន។ ចាប់តាំងពីពេលដែលអ្នកហៅខ្ញុំថាម៉ាក់ ខ្ញុំក៍បានចាត់ទុកអ្នកជាកូនខ្ញុំទៅហើយ។ បើសិនជាអ្នក​នៅចាត់ទុក​ខ្ញុំជាម្តាយ សូមទទួលយកនូវកាដូចុងក្រោយនេះ គឺជា ការបែកគ្នា!

ពេលដែលគាត់មើលសំបុត្រនេះចប់ គាត់យំរហូតគ្មានទឹកភ្នែកសំរាប់យំ គាត់បានចងចាំរឿងអតីត ការពិតអ្នកម្តាយគាត់ គឺជាមនុស្សដែលគាត់ស្រលាញ់អស់រយៈពេល៣ឆ្នាំ………………

ជីវិតមនុស្ស គួរតែដូចទៀន ភ្លឺតាំងពីដំបូង រហូតដល់អស់!

Read Full Post »