Feeds:
ប្រកាស
មតិ

Archive for ខែកញ្ញា, 2012

២ឆ្នាំ​កន្លងផុតទៅហើយ ជីវិតជានិស្សិតពេទ្យ​ដូចជាខ្ញុំនឹងត្រូវ​បន្តទៀតទៅបែបណា? ខ្ញុំចូលចិត្ត និងចង់ក្លាយជាគ្រូពេទ្យ តែខ្ញុំមិនចង់រៀនពេទ្យ។ ស្តាប់ពាក្យ​នេះហើយ គួរ​អោយអស់​សំណើចណាស់! ខ្ញុំតែងនៅម្នាក់ឯងហើយសួរខ្លួនឯងថា៖

  1. តើខ្ញុំកំពុងយល់សប្តិរឺ?
  2. តើខ្ញុំពិតជាមានសមត្ថភាពរៀនពេទ្យបានរឺ?
  3. តើខ្ញុំពិតជាអាចរៀនផ្នែកឯកទេសមែនរឺ?
  4. តើខ្ញុំពិតជាអាចក្លាយជាគ្រូពេទ្យពិតប្រាកដមែនរឺ?
  5. តើខ្ញុំនឹងមានអនាគតបែបណា?

ជីវិតជានិស្សិតពេទ្យ ដែលគ្មានទីពឹងពាក់ ប្រៀបបាននឹង​ក្បួនរសាត់អណ្តែតនៅទីលំហល្វឹង​ល្វើយរកកោះត្រើយមិនឃើញ។ តើខ្ញុំជាព្រះរឺ ដែលត្រូវមករ៉ាប់រងជីវិតមនុស្សជាច្រើននាក់? តើខ្ញុំអាចប្រឈមមុខនឹងការស្លាប់អ្នកជំងឺដោយសារខ្ញុំទេ? ការស្លាប់ និងការរស់ គឺខុសគ្នាតែបន្តិចប៉ុណ្ណោះ ព្បាបាលបានគឺបន្តរស់ ព្យាបាលមិនបាន​គឺ ស្លាប់! តើនេះ​ជាល្បែង​ក្នុងកុំព្បូទ័ររឺ? តើជីវិតខ្ញុំត្រូវតែប្រទះជួបរឿងបែបនេះរឺ? ខ្ញុំធុញថប់ណាស់ ខ្ញុំពិតជាចង់​រត់​គេច​ទៅពិភពលោកមួយដែលស្ងប់ស្ងាត់ នឹងបានសំរាកមួយរយៈ។ ខ្ញុំជាមនុស្សម្នាក់​មិន​បាន​ការ​សោះ មួយថ្ងៃៗ ចំនាយពេលវេលា​ដែល​មនុស្សគ្រប់គ្នាអោយតំលៃជាគ្រាប់ពេជ្រ ទៅដោយមិន​ដែលខ្វល់សោះឡើយ! ខ្ញុំមានក្តីសង្ឃឹម តើវាយ៉ាងមិច? ក្តីសង្ឃឹមមិនប្រាកដថា​អាច​អោយ​មនុស្សគ្រប់គ្នារឹងមាំ តស៊ូក្នុងឆាកជីវិត​បាន​ទេ តែនៅពេលដែលយើងសំរេចមិនបាន វាប្រៀប​បាន​អាវុធចាក់ដោតទំលុះបេះដូងយើងគ្មានទីបញ្ចប់ ហើយរស់នៅក្នុងស្រមោលអតីត​ដែល​​អាចមិនបំភ្លេចបាន។

តើក្តីទុក្ខ និងសំពាធ ខ្ញុំ តើមានមនុស្សប៉ុន្មាននាក់យល់ខ្លះ? ស្នាមញញឹមបន្លប់នូវក្តីអស់​សង្ឃឹម កើតមានគ្រប់ពេលដែល​ខ្ញុំបានក្លាយជានិស្សិតពេទ្យ។ ចង្វាក់បេះដូងខ្ញុំ ប្រៀបបាន​នឹងអ្នកជំងឺ​ដែលសំរាកពេទ្យ ហើយត្រូវពិនិត្យដោយឧបករណ៍ ECG។ ថ្ងៃណាមួយ វានឹងអាចបង្ហាញនូវសញ្ញា​អាសន្ន និងជួនកាលអាចជាសញ្ញា ————— បែបនេះ​ក៍ថា​បាន។ ខ្ញុំគិតថានិស្សិតពេទ្យអស្ចារ្យណាស់ ហើយប្រហែលជាសប្បាយរៀនណាស់ តែ​២ឆ្នាំកន្លងផុតទៅ វាប្រៀបបាននឹងស្ថាននរក ដែលពោរពេញដោយ​សំពាធ។ រៀនមិនយល់​សួរអ្នកណា? អនុវត្តទៅរៀននៅទីណា? តើអ្នកណាតម្រង់ទិសជីវិតអោយ?

ណ្ហើយ! តែទោះយ៉ាងណាខ្ញុំដើរលើផ្លូវមួយដែលមិនអាចបកក្រោយ៖

  1. ខ្ញុំនឹងខំប្រឹង ដើម្បីគ្រួសារ។
  2. ខ្ញុំនឹងខំប្រឹង ដើម្បីអ្នកជំងឺ។
  3. ខ្ញុំនឹងខំប្រឹង​ ដើម្បី…… ខ្ញុំក៍មិនដឹងដែរថាដើម្បីអ្នកណាដែរ?

ចង្វាក់បេះដូងនិស្សិតពេទ្យនេះ តើនឹងទៅជាយ៉ាងណា? សូមរងចាំទស្សនាភាពបន្តនៅឆ្នាំក្រោយ!

Read Full Post »