Feeds:
ប្រកាស
មតិ

Archive for ខែកក្កដា, 2016

ទោះបីជាគ្រូពេទ្យមានចំនេះវិជ្ជាជ្រៅជ្រះ ច្បាស់លាស់ ធ្លាប់មើលអ្នកជំងឺជាសះស្បើយរាប់ម៉ឺននាក់ក៍ដោយ ប៉ុន្តែនៅពេលដែលមនុស្សដែលខ្លួនស្រលាញ់បំផុតជិតផុតដង្ហើម ទន្ទឹងពេលវេលាស្លាប់មួយ បែរជាអ្នកមិនអាចធ្វើអ្វីបានទាល់សោះ? អ្នកតែងសួរខ្លួនឯងថា តើខ្ញុំរៀនពេទ្យដើម្បីអ្វី សូម្បីតែមនុស្សដែលខ្ញុំស្រលាញ់ព្យាបាលមិនបាន។ ធម្មជាតិមនុស្ស កើត ចាស់ ឈឺ និងស្លាប់ គ្មានគ្រូពេទ្យណាដែលអាចព្យាបាលជំងឺគ្រប់ប្រភេទ អោយជាសះស្បើយបានឡើយ វាមិនខុសពីគ្មាននរណាម្នាក់អាចបង្វិលពេលវេលាអោយត្រលប់ថយក្រោយដូចគ្នាដែរ។ រាត្រីចុងក្រោយដែលខ្ញុំនៅជាមួយជីតា និងឪពុកខ្ញុំ ខ្ញុំបានចាប់ដៃគាត់ ហើយបន្ទោសខ្លួនឯងថា ជាមនុស្សម្នាក់ដែលគ្មានប្រយោជន៍បំផុតក្នុងលោក ព្រោះបានត្រឹមមើលអ្នកទាំងពីរទៅទីមួយដ៍សែនឆ្ងាយ ឆ្ងាយគ្មានថ្ងៃត្រលប់មកវិញ។ ខ្ញុំបានសម្លឹងមើលពីដានផ្ទះ ព្រោះសង្ឃឹមថាទឹកភ្នែកដែលរៀបនឹងហូរចុះមក ត្រលប់ចូលទៅក្នុងភ្នែកវិញ។ តែចុងក្រោយខ្ញុំនៅតែប្រឈមមុខនឹងការពិតថា គាត់បានទៅហើយ ហើយអ្វីដែលគ្រូពេទ្យអាចធ្វើបានគឺមានតិចណាស់។ គ្រូពេទ្យត្រូវមានការទទួលខុសត្រូវខ្ពស់ ការវិភាគច្បាស់លាស់ ដើម្បីឈានទៅដល់ការសំរេចចិត្ត ជ្រើសរើសវិធីព្យាបាលមួយដ៍ត្រឹមត្រូវ។ ប៉ុន្តែមិនមែនមានន័យថា រាល់វិធីដែលគ្រូពេទ្យព្យាបាលសុទ្ធតែត្រឹមត្រូវនោះទេ ព្រោះលើកលោកនេះគ្មានអ្វីដែល១០០%នោះទេ។ ចូរចាត់ទុកគ្រូពេទ្យគឺជាមនុស្សដែលមានសមត្ថភាពព្យាបាលជំងឺ មិនមែនជាព្រះសំរាប់ប្រោះមនុស្សអោយរស់ឡើងវិញទេ។

Read Full Post »